ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ៖ អ្នកផ្តល់ឈាម គឺជាវីរៈបុរស ជួយសង្រ្គោះជីវិតមនុស្ស

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យព្រះអង្គឌួងនាថ្ងៃ១៤ សីហាសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ការបរិច្ចាគឈាមគឺជាវីរៈបុរសដែល បង្ហាញពីអំពើល្អ ទឹកចិត្តស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិត ទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ។

លោកថា ជាមួយគ្នានេះ ក៏បង្ហាញឲ្យឃើញនូវការសហការគ្នា សាមគ្គីភាពជាឆ្លុងមួយរបស់មន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាល កម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលសម្តេចតែងតែអំពាវនាវលើកទឹកចិត្តជាបន្តបន្ទាប់ឲ្យប្រជាពលរដ្ឋ និង យុវជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីបង្ហាញជាទីស្រឡាញ់ ជួយសង្រ្គោះជីវិតអ្នកជំងឺ ដែលកំពុងត្រូវការឈាមចាំបាច់បំផុតនៅក្នុងប្រទេស។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏ថ្លែងអំណរគុណសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែរៀបចំ និងគាំទ្រយុទ្ធនាការលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តតាមរយៈសាខាកាកបាទក្រហមកម្ពុជារាជធានី ខេត្ត។

សាស្រ្តាចារ្យក៏ថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលតែងតែយកចិត្តទុក ដាក់ពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋជាចម្បង។

ក្នុងឱកាសនោះដែរ រដ្ឋមន្រ្តី ថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់ និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសហការរៀបចំកម្មវិធីនេះឡើង ងើយសង្ឃឹមយ៉ាងថា នឹងបន្តសកម្មភាពដ៏ប្រពៃថ្លៃថ្លានេះ ឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំដើម្បីជួយជីវិតមនុស្ស។

ក្នុងពិធីនេះ សាស្ត្រារ្យរដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង និងការលះបង់ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋចំនួន១២៩គ្រឿង រួមមាន៖ មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ៤គ្រឿង , មុន្នីសារាភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍ ១គ្រឿង , មុន្នីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ៣គ្រឿង , មុន្នីសារាភ័ណ្ឌ ថ្នាក់សេនា ៤គ្រឿង , មុន្នីសារាភ័ណ្ឌ ថ្នាក់អស្សឫទ្ធិ ៦គ្រឿង , មេដាយមាសការងារ ៨គ្រឿង , មេដាយប្រាក់ការងារ ៥គ្រឿង និងមេដាយសំរិទ្ធការងារ ៩៨គ្រឿង៕

To Top