ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់បណ្តាក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និង សហគ្រាសគ្រឹះស្ថាន ហាមប្រើប្រាស់ឯកសណ្ឋាន សញ្ញាស័ក្តិ ឧបករណ៍សម្ភាររបស់ភ្នាក់ងារសន្តិសុខឯកជន ដូច ឬស្រដៀងទៅនឹងនគរបាលចរាចរណ៍ កម្លាំងមានសមត្ថកិច្ច កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង របស់ក្រសួង ឬស្ថាប័នរដ្ឋនានា។
យោងតាមសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនាពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងគោល បំណងបញ្ចៀសការភាន់ច្រឡំ នៃការប្រើប្រាស់ឯកសណ្ឋាន សញ្ញាស័ក្តិ និងឧបករណ៍ សម្ភាររបស់ភ្នាក់ងារ សន្តិសុខឯកជនដែលដូច ឬស្រដៀងទៅនឹងនគរបាលចរាចរណ៍ កម្លាំងមានសមត្ថកិច្ច កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរបស់ក្រសួង ឬស្ថាប័នរដ្ឋនានា អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការណែនាំដល់បណ្តាក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និង សហគ្រាសគ្រឹះស្ថាន ដែលជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន ដូចជា៖
១-ត្រូវអនុវត្តតាមលក្ខន្តិកៈ នៃការស្នើសុំប្រកបអាជីវកម្មផ្តល់សេវាសន្តិសុខឯកជន របស់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ឬការជ្រើសរើសភ្នាក់ងារសន្តិសុខឯកជនរបស់សហគ្រាសគ្រឹះស្ថាននានា មានលក្ខខណ្ឌ និងទម្រង់បែបបទនៃការស្នើសុំចំនួន ១៦ចំណុច ជាពិសេសគំរូឯកសណ្ឋានភ្នាក់ងារ សន្តិសុខឯកជន មានស្លាកសញ្ញាក្រុមហ៊ុន និងគំរូឧបករណ៍សម្ភារបច្ចេកទេស មធ្យោបាយ សត្វ សម្រាប់ បំពាក់ឲ្យភ្នាក់ងារសន្តិសុខឯកជន។
២-ហាមប្រើប្រាស់ឯកសណ្ឋាន សញ្ញាស័ក្តិ ឧបករណ៍សម្ភាររបស់ភ្នាក់ងារសន្តិសុខឯកជន ដែលដូច ឬស្រដៀងទៅនឹងនគរបាលចរាចរណ៍ កម្លាំងមានសមត្ថកិច្ច កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរបស់ក្រសួង ឬស្ថាប័នរដ្ឋនានា ដែលមានចែងក្នុងមាត្រា ១៦ នៃអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសន្តិសុខឯកជន។
៣-ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន ដែលមានឯកសណ្ឋាន ដូច ឬស្រដៀងទៅនឹងនគរបាលចរាចរណ៍ កម្លាំងមានសមត្ថកិច្ច ឬកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវធ្វើការផ្លាស់ប្តូរ ហើយស្នើសុំតាមរយៈនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ចំពោះក្រុមហ៊ុនផ្តល់សេវា សន្តិសុខឯកជន និងតាមរយៈស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំពោះសហគ្រាសគ្រឹះស្ថាន។
៤-ករណីការប្រើប្រាស់ឯកសណ្ឋាន សញ្ញាស័ក្តិ និងឧបករណ៍សម្ភាររបស់ភ្នាក់ងារសន្តិសុខ ឯកជន ឬស្លាក សញ្ញាក្រុមហ៊ុន សហគ្រាសគ្រឹះស្ថាន ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ក្រុមហ៊ុនផ្តល់ សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន នឹងទទួលខុសត្រូវ ចំពោះមុខច្បាប់៕