ភ្នំពេញ៖ លោក សយ សុភា អនុប្រធាន សមាគមសហគ្រិន អ្នកសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ហៅកាត់ថា CEMEA និងជានិពន្ធនាយក សារព័ត៌មានដើមអម្ពិល (DAP News) បានទទួលបានសរសើរ ពី CEMEA សមាគមសហព័ន្ឋសេវាកម្មពន្ឋដាកម្ពុជា (CTAFA)។
វគ្គបណ្តុះបណ្តាល រយៈពេល១ថ្ងៃពេញនេះ មានការអញ្ជើញចូលរួម ពីអ្នកសារព័ត៌មានជាង ៥០ស្ថាប័ន នៅរាជធានីភ្នំពេញ និងមកពីបណ្តារាជធានី ខេត្តមួយចំនួន។
លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា សមាគមបង្កើតឡើង ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ ទៅកាន់មជ្ឈដ្ឋានជាតិ អន្តរជាតិឲ្យបានទូលំទូលាយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកបន្តថា “សមាគមចង់ផ្សព្វផ្សាយពីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ពីព័ត៌មានសេដ្ឋកិច្ច ពីព័ត៌មានមានលក្ខណៈអប់រំ និងស្ថាបនាដល់សង្គមជាតិ ដើម្បីកាត់បន្ថយព័ត៌មានកន្លែងក្លាយ និងព័ត៌មាន មិនផ្តល់តម្លៃដល់សង្គម”។
ជាមួយគ្នានេះ លោកអ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ឋសេវាកម្មពន្ឋដាកម្ពុជា បានមានប្រសាសន៍ទាក់ទងនឹងចំណេះដឹងផ្នែកព័ន្ឋដា ដោយលោកបានចាត់ទុកដា សេវាកម្មពន្ឋដាបានដើរតូនាទីសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា និងជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូប ពិសេសម្ចាស់អាជីវកម្មនានា ត្រូវស្វែងយល់ពីសេវាកម្មពន្ឋដាឲ្យបានច្បាស់ ដើម្បីចៀសវាងកាផាកពិន័យណាមួយ។
លោកបន្តថា “ពន្ឋដាមានសារៈសំខាន់ សម្រាប់សេដ្ឋកិច្ច និងអ្នកចង់បើកក្រុមហ៊ុន គួរតែស្វែងយល់ឲ្យបានច្បាស់លាស់ពីកាតព្វកិច្ចផ្នែកពន្ឋ ដើម្បីបញ្ចៀសបាននូវការផាកពិន័យ និងមិនបានបង់ពន្ឋត្រឹមត្រូវ ព្រោះការមិនបានបំពេញកាតព្វកិច្ចពន្ឋដា អាចមានទោសឧក្រិដ្ឋ”។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកនេត្រ ភ័ក្រ្តា បានបង្ហាញការគាំទ្រ និងជម្រុញឲ្យសមាគមទាំងពីរៀបចំវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ចបន្តទៀត ដោយក្រសួងនឹងផ្តល់ការគាំទ្រជាស្មារតី និងសាលបណ្តុះបណ្តាលនៅទីស្តីការរបស់ក្រសួង។