ភ្នំពេញ ៖ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានជួបជុំគ្នា នៅក្នុងបរិវេណ សាលារាជធានីភ្នំពេញ ដើម្បីបង្ហាញសារគាំទ្រ លើរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA និងប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ក្នុងពិធីនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលរាជធានីភ្នំពេញ បានស្រែកព្រមៗគ្នាថា៖ យើងខ្ញុំទាំងអស់គ្នាមន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA និងប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។
គួរបញ្ជាក់ថា ក្រុមអគតិ និងពួកជ្រុលនិយម គ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហាខាងមុខនេះ។ ចំពោះ គម្រោងរបស់ក្រុមជ្រុលនិយម និងក្រុមអគិតិនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចជាស្រេចហើយ គឺមិនអោយកើតមានចលនា ជ្រុលនិយមនេះ កើតមានជាដាច់ខាត ដោយធានាថា កិច្ចការពារសន្តិសុខ សុវត្ថិភាព និងការរក្សាស្ថេរភាពនយោបាយ គឺត្រូវធានាបាន១០០ភាគរយ៕