ព័ត៌មានជាតិ

សមាគម២ អនុម័តបន្ដពង្រឹង វិធានហាមឃាត់ ទទួលយកឯកសារ សម្គាល់អត្តសញ្ញាណបុគ្គល សម្រាប់ធានាលើ ការផ្ដល់ឥណទាន

ភ្នំពេញ​ ៖​ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានអនុម័តលើវិធាន សម្រាប់បន្តពង្រឹង ប្រតិបត្តិការអាជីវកម្ម​ ដោយហាមឃាត់ទទួលយកឯកសារ សម្គាល់អត្តសញ្ញាណបុគ្គល សម្រាប់ការធានាលើការផ្ដល់ឥណទាន ជាដាច់ខាត។

យោងតាមសេចក្ដីជូនដំណឹងរបស់ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងថា ដើម្បីធានានូវ ប្រសិទ្ធភាព នៃប្រតិបត្តិការអាជីវកម្មធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រកបដោយការទទួល ខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិកទាំងអស់ ក្រុមប្រឹក្សាភិបាលនៃសមាគមទាំងពីរ បានអនុម័តលើវិធានសម្រាប់បន្តពង្រឹងប្រតិបត្តិការអាជីវកម្ម ដូចជា៖

១. មិនត្រូវទទួលយកដីកម្មសិទ្ធិ សមូហភាព មានដូចជា ដីឯកជនរបស់រដ្ឋ និងដីសាធារណៈរបស់រដ្ឋ ដែលបានចុះបញ្ជី រួចហើយជាមួយរដ្ឋ មកធ្វើជាទ្រព្យធានាឥណទានថ្មី។ ឧទាហរណ៍ ដីសហគមន៍ ដីសហគមន៍ជនជាតិដើមភាគតិច ដីសមូហភាព ដីអាជ្ញាធរជាតិអប្សរា ដីដែនជម្រកសត្វព្រៃ ដីតំបន់ការពារ ដីច្រករបៀង និងដីតំបន់ការពារផ្សេងទៀត ។ល។

២. ក្នុងករណីដែលគ្រឹះស្ថាន កំពុងមានទ្រព្យធានាជាប្រភេទដីទាំងនោះ គ្រឹះស្ថាន រួមមាន៖ មិនត្រូវប្រើវិធីសាស្រ្តលក់ ដោយបង្ខំ ឬលើកទឹកចិត្តឱ្យអតិថិជន លក់ជាដាច់ខាត ។ ត្រូវប្រគល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិ ដែលបានដាក់ជា ទ្រព្យធានាឥណទានទាំង នោះ ទៅឱ្យអតិថិជនវិញ ក្រោយការបង់សងឥណទាននោះត្រូវបានបញ្ចប់។

៣. ហាមឃាត់ទទួលយកឯកសារសម្គាល់អត្តសញ្ញាណបុគ្គលដែលរួមមាន អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន សំបុត្រកំណើត និងបណ្ណសមធម៌ សម្រាប់ការធានាលើការផ្ដល់ឥណទាន ជាដាច់ខាត។

៤. ការផ្តល់ឥណទានចំពោះគ្រួសារ ដែលមានបណ្ណសមធម៌ ត្រូវធ្វើឡើងដោយមានការវាយ តម្លៃលទ្ធភាពសងឥណទានឱ្យបានត្រឹមត្រូវ និងហ្មត់ចត់។ ចៀសវាងការផ្តល់ឥណទានដែលមានទំហំលើសពីសមត្ថភាព ដែលអាចប្រឈមនឹងបំណុលច្រើនលើសលប់។

៦. ដើម្បីបន្តការធានាបាននូវបរិយាបន្នហិរញ្ញវត្ថុចំពោះប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលលើដី កម្មសិទ្ធិសមូហភាព មានដូចជា ដីឯកជន របស់រដ្ឋ និងដីសាធារណៈរបស់រដ្ឋ ដែលបានចុះបញ្ជីរួចហើយជាមួយរដ្ឋ និងប្រជាពលរដ្ឋ ដែលមានបណ្ណសមធម៌នោះ ក្រុមប្រឹក្សាភិបាល នៃសមាគមទាំងពីរ សូមលើកទឹកចិត្តដល់គ្រឹះស្ថាន ដែលជាសមាជិកទាំងអស់ បន្តផ្តល់ឥណទានដល់ពួកគាត់តាមរយៈ ការផ្តល់ឥណទានដោយគ្មានទ្រព្យធានា ព្រមទាំងមានការវាយតម្លៃលទ្ធភាពបង់សងត្រឡប់ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមបញ្ជាក់ថា​ វិធានការខាងលើ គឺជាយន្តការពង្រឹងបន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីធានាឱ្យវិស័យធនាគារ និងហិរញ្ញវត្ថុ មានភាពរឹងមាំ និរន្តរភាព ការទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន៕

To Top