ភ្នំពេញ៖ ជាដំណឹងដ៏គួរឲ្យរីករាយមួយ ដែលកូនទោចថ្ពាល់លឿង ថ្មីមួយក្បាលទៀត បានកើតនៅតំបន់ជំរុំសត្វទោច ចាហ៊ូ ក្នុងទឹកដីនៃខេត្តមណ្ឌលគិរី ។ នេះបើយោងតាមហ្វេសប៊ុក USAD Cambodia នាថ្ងៃទី១៦ សីហា ។
USAD Cambodia បានឲ្យដឹងថា «សត្វទោចថ្ពាល់លឿង នៅក្នុងក្រុមគ្រួសារសត្វទោចទី២ នៅតំបន់ជំរុំសត្វទោច ចាហ៊ូ ទើបតែបង្កើតបានកូនតូចថ្មីមួយ ដែលធ្វើឱ្យគ្រួសាររបស់សត្វទោចមួយក្រុមនេះ មានសមាជិកឡើងដល់ ៦ ក្បាលនៅពេលនេះ» ។

ក្រោមជំនួយរបស់ទីភ្នាក់ងារជំនួយអាមេរិក USAD តាមរយៈគម្រោង USAID Morodok Baitang-មរតកបៃតង និងអង្គការសេចក្ដីសង្ឃឹមពិភពលោកអន្តរជាតិប្រចាំកម្ពុជា ក្រុមស្រាវជ្រាវចាហ៊ូ បានតាមដាន និងសិក្សាពីអាកប្បកិរិយារបស់ គ្រួសារសត្វទោចថ្ពាល់លឿងមួយក្រុមនេះអស់រយៈពេល ៤ ជំនាន់មកហើយ ចាប់តាំងពីឆ្នាំ ២០១៣ មក ដែលធ្វើឱ្យក្រុមនេះក្លាយជាក្រុមគ្រួសារសត្វទោច ដែលមានភាពសាំងច្រើនជាងគេ ក្នុងចំណោមក្រុមគ្រួសារសត្វទោចទាំងបួន ដែលក្រុមអ្នកស្រាវជ្រាវ ចាហ៊ូ កំពុងតាមដាន។

សត្វទោចថ្ពាល់លឿង ជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក ហើយរស់នៅជាក្រុមគ្រួសារ ស្រដៀងនឹងមនុស្សយើងដែរ ដោយរួមរស់ស្ម័គ្រស្មោះជាមួយនឹងគូជីវិត និងកូនចៅជាច្រើនជំនាន់។ សត្វទោចវ័យក្មេងត្រូវរៀន ពីឥរិយាបថសត្វទោចសំខាន់ៗ និងវិធីសាស្រ្ដរកចំណីដើម្បីចិញ្ចឹមជីវិត មុនពេលវាត្រូវបែកចេញពីគ្រួសារ នៅអាយុប្រហែល ៨ ឆ្នាំ។ សត្វទោចញីអាចបង្កើតកូនបានមួយក្នុងរយៈពេលពី ២ ទៅ ៣ ឆ្នាំម្តង ដែលធ្វើឱ្យការបង្កើតកូនរបស់វានេះ ក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងកម្របានឃើញ។

នៅខេត្តមណ្ឌលគិរី ដែនជម្រកសត្វព្រៃកែវសីមាជាតំបន់ ដែលមានចំនួនសត្វជិតផុតពូជប្រភេទនេះ រស់នៅច្រើនជាងគេ។ ជាអកុសល ចំនួនសត្វទោចដ៏អស្ចារ្យទាំងនេះ មានការថយចុះយ៉ាងឆាប់រហ័ស ដែលភាគច្រើនដោយសារតែការបាត់បង់ទីជម្រក និងការជួញដូរធ្វើជាសត្វចិញ្ចឹម។

ដើម្បីជួយការពារប្រភេទសត្វជិតផុតពូជនេះ USAID មរតកបៃតង ធ្វើការជាមួយ អង្គការសេចក្ដីសង្ឃឹមពិភពលោក អន្តរជាតិប្រចាំកម្ពុជា ដើម្បីជួយដល់ក្រុមស្រាវជ្រាវ តំបន់ជំរុំសត្វទោច ចាហ៊ូ ក្នុងការត្រួតពិនិត្យ និងសិក្សាពីអាកប្បកិរិយារបស់ ក្រុមគ្រួសារសត្វទោចថ្ពាល់លឿងចំនួន ៤ ក្រុម ក្នុងគោលបំណងផ្សាំងពួកវាទៅនឹង វត្តមានរបស់ក្រុមអ្នកស្រាវជ្រាវរបស់ ចាហ៊ូ ដែលយើងហៅថា «អ្នកការពារសត្វទោច» និងការពារពួកវាពីការផុតពូជនៅក្នុង ដែនជម្រកសត្វព្រៃកែវសីមា។

ក្រុមអ្នកស្រាវជ្រាវក៏សម្រេចបាននូវ ការពង្រីកការគ្រប់គ្រងជម្រករបស់សត្វទោចបាន ៤៤៥,៥ ហិកតា បន្ថែមទៀត នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលធ្វើឱ្យការពង្រីកតំបន់រស់នៅ របស់សត្វទោចបានរហូតដល់ ៦៩១,៣ ហិកតា រហូតមកដល់បច្ចុប្បន្ន ៕
