ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ប្រកាស​អភិវឌ្ឍន៍​ផ្លូវឡើងភ្នំ១៥០០​ ក្រោយដោះស្រាយគោលនយោបាយ ជូនពលរដ្ឋ​សេសសល់ ជាង២០%ទៀត

ពោធិ៍សាត់ ៖ តំបន់ទេសចរណ៍ធម្មជាតិភ្នំ១៥០០ ស្ថិតក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ ដែលជាខេត្តមួយ នៅភាគខាងលិច នៃប្រទេសកម្ពុជា ។ តំបន់ទេសចរណ៍ធម្មជាតិភ្នំ១៥០០ ដែលភ្ញៀវទេសចរណ៍ជាតិ​ និងអន្តរជាតិ ហៅផ្លូវនេះថា ជាផ្លូវអន្ទង់អាំង អមទៅដោយសម្រស់ខៀវខ្ចី នៃព្រៃព្រឹក្សាធម្មជាតិ នារដូវវស្សា ​។

នៅក្នុងឱកាសជួបសំណេះណាលជាមួយអ្នកសារព័ត៍មាន ដឹកនំាដោយក្លឹបអ្នកការសែតកម្ពុជា (ក.អ.ក)នាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១​២៤ លោក ខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ ​បានប្រកាសអភិវឌ្ឍន៍ ដាំកូនឈើ និងដើមផ្គា អ​មសងខាងផ្លូវឡើងភ្នំ១៥០០ ផ្លូវអន្ទុងអាំង ឲ្យមានភាពស្រស់ បំព្រងឡើងវិញ ក្រោយដោះស្រាយគោលនយោបាយជូនពលរដ្ឋ​ដែលនៅសះសល់ជាង២០ភាគរយទៀត មិនព្រមចាកចេញពីតំបន់អភិវឌ្ឍន៍​ នៅត្រឹមចុងខែសីហានេះ ។

​លោក អភិបាលខេត្តពោធិ៍សាត់​ បានលើកឡើងថា ​លោកនិងប្រើពេល៣ដំណាក់កាល ទី១លោកនឹងចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋ ​ទី២ ជូនដំណឹងឱ្យពលរដ្ឋផ្លាស់ប្ដូរទីតាំង និងសម្រេចចិត្ដដោយខ្លួនឯង ​ទី៣ ទុកពេលឱ្យពួកគាត់រុះរើចេញដោយខ្លួនឯងនៅត្រឹមចុងខែសីហានេះ​។

លោកបានបញ្ជាក់ថា តំបន់អន្ទង់អាំងនេះ គឺជារបស់ជាតិ ហើយពលរដ្ឋមករស់ដោយខុសច្បាប់ ទើបរដ្ឋបាលខេត្ដស្នើសុំគោលការណ៍ពីរាជរដ្ឋាបាល ដើម្បីផ្លាស់ប្ដូរឱ្យប្រជាពលរដ្ឋទៅរស់នៅតំបន់អភិវឌ្ឍន៍ មានផ្លូវ ទឹក ភ្លើង សាលារៀន និងផ្សារជាដើម។ លោកបានបញ្ជាក់ទៀតថា ការផ្លាស់ប្ដូរឱ្យប្រជាពលរដ្ឋទៅរស់នៅតំបន់អភិវឌ្ឍន៍ គឺផ្ដល់ដីកម្មសិទ្ធិ និងទទួលបានសំណងផងដែរ៕

To Top