ព័ត៌មានជាតិ

ក្រសួងការពារជាតិ អំពាវនាវពលរដ្ឋ រក្សាភាពស្ងប់ស្ងាត់ និងកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន យុវតី រក្សាភាពស្ងប់ស្ងាត់ និងកុំជឿតាមការឃោសនាអូសទាញ និងញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូច។

ការចេញមកអំពាវនាវនេះ បន្ទាប់ពីនាពេលថ្មីៗនេះ មានបុគ្គលម្នាក់បានក្លែងឯកសណ្ឋាន នៃកងយោធពលខេមរភូមិន្ទ ហើយអះអាងថាខ្លួនជា «វរៈសេនីយ៍ទោ មី ដារ៉ា អតីតនាយរងការិយាល័យយោធភូមិភាគទី៥» បានអំពាវនាវឱ្យយុវជន ចូលរួមធ្វើបាតុកម្មប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា បុគ្គល មី ដារ៉ា មិនមែនជា យោធិន នៃកងយោធពលខេមរភូមិន្ទ ទៀតនោះទេ ដោយបុគ្គលរូបនេះ បានប្រព្រឹត្តបទល្មើស ឆបោក, អនុវត្តខុសនឹងបទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ ជាច្រើនលើកច្រើនសារ ព្រមទាំងបាន បោះបង់អង្គភាព ចាប់តាំងពីឆ្នាំ២០២៣មកម្ល៉េះ ដោយបានរត់គេចខ្លួន ពីការអនុវត្តច្បាប់ ទៅជ្រកកោណ នៅប្រទេសអូស្រ្តាលី ហើយថែមទាំងបានចូលរួម ជាមួយក្រុមឧទ្ទាមក្រៅច្បាប់ វាយប្រហារជាបន្តបន្ទាប់មកលើ កងយោធពលខេមរភូមិន្ទ និងរាជរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់។

ការអំពាវនាវរបស់បុគ្គលរូបនេះ ឱ្យយុវជនចូលរួមបាតុកម្មប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់ គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរ ដែលមិនអាចលើកលែងឱ្យបាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការអំពាវនាវនេះ នឹងមិនមានស្ថានភាព ទម្ងន់ណាមួយ មកលើ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងយុវជននៅក្នុង ព្រះរាជាណាចក្រកម្ពុជានោះឡើយ ។

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងប់ស្ងាត់ និងកុំជឿតាមការឃោសនា អូសទាញ និងញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលនៅក្រៅប្រទេស រហូតចូលរួមក្នុងចលនាខុសច្បាប់ណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋនោះឡើយ៕

To Top