ព័ត៌មានជាតិ

១សប្ដាហ៍ សាលាដំបូង ទទួលចាត់ការសំណុំរឿង ក្មេងទំនើង៣៨ករណី មានជនសង្ស័យ២១៣នាក់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី១២-១៨ ខែសីហា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿង ករណីក្មេងទំនើង ចំនួន៣៨ ករណី មានជនសង្ស័យចំនួន ២១៣នាក់។

តាមរយៈសារតេឡេក្រាម នៅថ្ងៃទី១៩ សីហា នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា «ក្នុងរយៈពេល ៧ថ្ងៃ ពីថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអម សាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការ លើសំណុំរឿងករណីក្មេងទំនើងចំនួន ៣៨ ករណី មានជនសង្ស័យចំនួន ២១៣ នាក់ តុលាការ បានធ្វើការឃាត់ខ្លួន ជនសង្ស័យបានចំនួន ១៦៤ នាក់ ដែលពាក់ព័ន្ធនឹងបទហិង្សា ដោយចេតនាមានស្ថាន ទម្ងន់ទោស ,ធ្វើឲ្យខូចខាតដោយចេតនា, លួចមានស្ថានទម្ងន់ទោស និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត»។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏ថ្លែងអំណរគុណដល់អាជ្ញាធរមាន សមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបាន ចាត់វិធានការ ក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើង ប្រកបដោយស្មារតី យកចិត្តទុកដាក់និង ការទទួលខុសត្រូវ ខ្ពស់ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់ កូនៗ ឲ្យដើរតាមគន្លងត្រឹមត្រូវ វៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់ សង្គមជាតិ និងអំពាវនាវ ដល់យុវជនទាំងអស់ជៀស វាងពីសកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់ខ្លួនគ្រួសារ និងសង្គមជាតិ ៕

To Top