ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ បានជំរុញឲ្យដាំត្នោតជាជួរបានច្រើន ជាពិសេសនៅតាមតំបន់ព្រំដែន និងដាំតាមតំបន់មួយចំនួនទៀត ដើម្បីភាពបៃតង និងរបងដ៏រឹងមាំសម្រាប់ការពារកម្ពុជា។

ក្នុងពិធីដាំកូនឈើរួមគ្នា ក្នុងពេលថ្ងៃតែមួយ នៅទូទាំងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «បណ្ដុះផ្នត់គំនិត ពន្លកបៃតង» នាថ្ងៃទី១៧ សីហា លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានឲ្យដឹងថា ក្រសួងបរិស្ថាន បានខិតខំបណ្តុះនិងចែកកូនត្នោត ជូនប្រជាពលរដ្ឋដាំដុះ ជាពិសេសដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ដើម្បីជាការរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ បរិស្ថាននិងការពារទឹកដីកម្ពុជា។

លោករដ្ឋមន្ដ្រី បានផ្តល់កូនត្នោតចំនួន១ម៉ឺនដើម ជូនដល់ប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ ដើម្បីដាំជាបន្តបន្ទាប់ រួចហើយ នៅក្នុងភូមិសាស្ត្របណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោករដ្ឋមន្ត្រីក៏បានប្រកាសផ្តល់ជូនកូនត្នោតចំនួនជាង៣ម៉ឺនដើមបន្ថែមទៀត ដើម្បីដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅខែកញ្ញាឆ្នាំ២០២៤ ខាងមុខ។

នៅក្នុងផែនការទៅអនាគត លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញការបណ្តុះកូនត្នោតឲ្យបានច្រើន ដើម្បីចែកជូនប្រជាពលរដ្ឋដាំជាជួរ តាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងទាំងអស់។

សូមបញ្ជាក់ថា ដើមត្នោតត្រូវបានចាត់បញ្ចូល ជារុក្ខាជាតិ គឺប្រភេទដើមឈើនិមិត្តរូបជាតិកម្ពុជា។ ដើមត្នោត បានផ្តល់ជាប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដូចជា ផ្តល់គម្របបៃតង និងអត្ថប្រយោជន៍ជាច្រើន សម្រាប់ការរស់នៅប្រចាំថ្ងៃ៕
