ភ្នំពេញ ៖ ដោយមានការ យកចិត្តទុកដាក់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកសុខទុក្ខនិង សុខមាលភាព ប្រជាពលរដ្ឋ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យមន្ទីរសុខាភិបាល រាជធានីភ្នំពេញ សហការជាមួយក្រុមការងារ កងពលតូចលេខ៧០ (ង៧០) នៅថ្ងៃទី១៧ និងទី១៨ខែសីហា ឆ្នាំ២០២៤ បានធ្វើសកម្មភាព បាញ់ថ្នាំសម្លាប់មូសបានជាច្រើនខណ្ឌ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៧ និងទី១៨ខែសីហា ឆ្នាំ២០២៤ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារ ពលតូចលេខ៧០ ចំនួន៤ក្រុមចុះបាញ់ថ្នាំការពារ សម្លាប់មូសនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ បានចប់សព្វគ្រប់ ចំនួន៤សង្កាត់ស្មើ៣១ភូមិ លើ៧សង្កាត់៦១ភូមិ ពោលសង្កាត់ចាក់អង្រែលើបានគ្រប់ចំនួនទាំង៨ភូមិ។ ស្ទឹងមានជ័យទី១ បានគ្រប់ចំនួនទាំង៨ភូមិ បានបញ្ចប់នៅម៉ោង ២១៖៣០ នាទី។ សង្កាត់ស្ទឹងមានជ័យទី២ បានគ្រប់ចំនួនទាំង៩ភូមិ បានបញ្ចប់នៅម៉ោង២២៖៣០នាទីយប់។ ស្ទឹងមានជ័យទី៣ បានគ្រប់ចំនួនទាំង៦ភូមិ បានបញ្ចប់នៅម៉ោង២២និង០០នាទី ។

ដោយឡែក នៅរសៀលថ្ងៃទី១៧ ខែសីហា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះបាញ់ ថ្នាំសម្លាប់មូល នៅសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នៅភូមិទួលពង្រ ភូមិត្រពាំងរំចេកសហគមន៍ពង្រសែនជ័យ ដោយក្រុមការងារ បានបញ្ចប់ការបាញ់ថ្នាំសម្លាប់មូស នៅវេលាម៉ោង ២០និង០០យប់។

សម្រាប់យុទ្ធនាការបាញ់ថ្នាំកម្ចាត់មូស នាថ្ងៃទី១៨ សីហា មាន៧ខណ្ឌ ក្នុងចំណោម១២សង្កាត់ ដោយក្រុម ទី១ បានបាញ់នៅខណ្ឌមានជ័យ មាន១សង្កាត់ គឺសង្កាត់ចាក់អង្រែក្រោម ។ ក្រុមទី២នៅខណ្ឌសែនសុខ មាន ១សង្កាត់គឺសង្កាត់ភ្នំពេញថ្មី ។ ក្រុមទី៣ និងក្រុមទី៤ នៅខណ្ឌពោធិ៍សែនជ័យមាន២សង្កាត់ គឺសង្កាត់ចោមចៅទី២ និងសង្កាត់ចោមចៅទី៣។ ក្រុមទី៥ នៅខណ្ឌ ឬស្សីកែវ មាន១សង្កាត់ គឺសង្កាត់ឬស្សីកែវ។ ក្រុមទី៦ និងក្រុមទី៧ នៅខណ្ឌទួលគោក មាន២ សង្កាត់ គឺសង្កាត់ បឹងកក់ទី២ និងសង្កាត់ទឹកល្អក់ទី១។ក្រុម ទី៨ និងក្រុម ទី៩នៅខណ្ឌ បឹងកេងកង មាន២សង្កាត់ គឺសង្កាត់ទួលស្វាយព្រៃទី១ សង្កាត់ទួលស្វាយព្រៃទី២។ក្រុមទី១០ ក្រុមទី១១ និងក្រុមទី១២ នៅខណ្ឌដូនពេញ មាន៣ សង្កាត់ គឺសង្កាត់ស្រះចក , សង្កាត់វត្តភ្នំ និងសង្កាត់ផ្សារចាស់៕













