ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ខេត្តប៉ៃលិន

ភ្នំពេញ៖ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូអមដំណើរ នាថ្ងៃ១៨ សីហាបានជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន។

សាស្ត្រាចារ្យរដ្ឋមន្ត្រី សម្តែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ រួមទាំងបុគ្គលិកសុខាភិបាលទាំងអស់ ទាំងអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ដែលបានចូលរួមយ៉ាងសកម្មជាគំរូវីរភាព ប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវកូវីដ-១៩ កន្លងមក ។ សាស្ត្រាចារ្យក៏ជំរុញឲ្យរក្សាបាន និងធ្វើឲ្យកាន់តែប្រសើរជាប់ជាប្រចាំនូវអាកប្បកិរិយា-ឥរិយាបទល្អ ស្រលាញ់រាប់អាន-សាមគ្គីភាព ប្រកបដោយវិជ្ជមានភាពខ្ពស់នៃការគិត ទាំងក្នុងពេលបំពេញការងារ ក៏ដូចជាពេលប្រាស្រ័យទាក់ទង ក្នុងសហគមន៍-ក្រុមគ្រួសារ ដែលនេះជាកត្តាឈ្នះ និងជោគជ័យមួយមិនអាចខ្វះបាន និងជាចំណុចចាប់ផ្តើមចាំបាច់បំផុត សម្រាប់គ្រប់អ្នកដឹកនាំ វិស័យសុខាភិបាល ។

នាឱកាសនោះ សាស្ត្រាចារ្យ ឈាង រ៉ា បានផ្តល់អនុសាសន៍ដល់បុគ្គលិកសុខាភិបាលទាំងអស់ បង្កើនការ យកចិត្តទុកដាក់បង្កើនសមត្ថភាពជំនាញ និងបន្តបណ្តុះបណ្តាលជានិរន្តន៍ ក្នុងការពិនិត្យល្អិតល្អន់ មុនការផ្តល់រោគវិនិច្ឆ័យជំងឺ និងជជែករួមគ្នាសម្រេចរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ដោយត្រូវតែនាំយកការពន្យល់ច្បាស់លាស់ ជាដំណាក់កាលៗ ជូនដល់អ្នកជំងឺ-ក្រុមគ្រួសារជាចាំបាច់។

សាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានចែករំលែកបទពិសោធន៍សំរាប់ការប្រតិបត្តិប្រចាំថ្ងៃដែលឈរលើទិដ្ឋភាព៥យ៉ាងនៃភាពអ្នកដឹកនាំ ដោយរួមបញ្ចូលគ្នា៖

១- “ដឹកនាំ” ត្រូវចេញពីការស្រលាញ់ដោយពិតប្រាកដចេញពីបេះដូង

២- “ដឹកនាំ” ត្រូវឈរលើគំនិតប្រាជ្ញា “គិត” ល្អ គិតត្រូវ (គិតបែបគតិបណ្ឌិត) សំដៅបម្រើប្រយោជន៏សាធារណៈ ប្រយោជន៍ប្រជាពលរដ្ឋ

៣- “ដឹកនាំ” គឺត្រូវធ្វើដោយ “ដៃ” ខ្លួនឯងផ្ទាល់ បង្ហាញដោយផ្ទាល់ ដឹកដៃអោយធ្វើ បង្ហាញជាគំរូ

៤- “ដឹកនាំ” សំដៅលើកិច្ចការដែលត្រូវធ្វើ គឺធ្វើអោយបានល្អបំផុត រហូតធ្វើបានបានទៅជា”ទម្លាប់” និងបង្កើតជាប្រពៃណីល្អយូរអង្វែង

៥- “ដឹកនាំ” ត្រូវផ្តើមពីខ្លួនម្នាក់ៗជាមួយ ការគិតគូអំពីការថែរក្សា “សុខភាព”៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top