ភ្នំពេញ ៖ លោកហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា បន្តអនុវត្តគោលនយោបាយ ការបរទេសមួយឯករាជ្យ ពេញលេញ ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍នានា នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ។
ក្នុងវេទិកាព័ត៌មាន លើកទី៤ ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានថ្លែងថា កម្ពុជាតូចទេ តែមានសំឡេងឆ្នោតមួយ ដូចគេឯងដែរ និងមានទង់ជាតិរបស់ខ្លួន បក់រវិចនៅលើឆាកអន្តរជាតិ ដូចជា នៅអង្គការសហប្រជាជាតិ ឬក៏នៅលើឆាកតំបន់ ដូចជា នៅអាស៊ាន ម្ល៉ោះហើយអត់មានត្រូវបារម្ភទេ។
លោក គូសបញ្ជាក់ថា «ក្នុងន័យនេះ តាំងពីដំបូងមក ពេលជួបជាទ្វេភាគី ឬពហុភាគី នៅលើតំបន់ ឬលើវេទិកាអន្តរជាតិ ប្រមុខរដ្ឋាភិបាលខ្មែរ គូសបញ្ជាក់ហើយ គូសបញ្ជាក់ទៀតថា កម្ពុជាផ្លាស់ប្តូរនាយករដ្ឋមន្ត្រីមែន ប៉ុន្តែមិនផ្លាស់ប្តូរឡើយ ស្នូលនយោបាយការបរទេសរបស់ខ្លួន កម្ពុជាបន្តផ្តោតសារៈសំខាន់ លើគោលការណ៍ដដែលមួយចំនួន ដែលជាមូលដ្ឋាននៃឧត្តមប្រយោជន៍ជាតិរបស់យើង នោះគឺកម្ពុជា ទាមទារឲ្យបរទេស គោរពអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យរបស់ខ្លួន»។
លោកបន្ថែមថា កម្ពុជា ប្រឆាំងនឹងការជ្រៀតជ្រែក ពីសំណាក់បរទេសណាក៏ដោយ ក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ លោកថា «កម្ពុជា បន្តអនុវត្ត គោលនយោបាយការបរទេសមួយឯករាជ្យពេញលេញ ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍នានា នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងនៃអាស៊ាន»។
លោករដ្ឋមន្ត្រី បន្ដទៀតថា មូលដ្ឋានសំខាន់ៗទាំងនេះ នៃនយោបាយការបរទេសរបស់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងយ៉ាងលម្អិត នៅក្នុងសន្ទុរកថា របស់សម្ដេច កាលសម័យប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ នោះគឺ «កម្ពុជាមិនអនុញ្ញាត ឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួនឡើយ» ។ សម្ដេច បន្ថែមថាកម្ពុជា ក៏មិនអនុញ្ញាតឲ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងប្រទេសផ្សេងៗនោះទេ ៕