តាកែវ ៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋាននិយ័តករមូលបត្រកម្ពុជា បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋបង្កើន ការប្រុងប្រយ័ត្ន និងត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ ចំពោះការឆបោកប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពការដាក់ប្រាក់ វិនិយោគលើវិស័យមូលបត្រ។
ក្នុងសិក្ខាសាលា ស្ដីពីការគាំពារវិនិយោគគិន និងការពង្រឹងការឣនុវត្តច្បាប់ ក្នុងវិស័យមូលបត្រកម្ពុជា នាព្រឹកថ្ងៃទី២០ សីហា លោក ស៊ូ សុជាតិ មានប្រសាសន៍ថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាកំពុងមានការវិវត្តរីកចម្រើនទៅមុខឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹង នោះ ក៏មានជនខិលខូចមួយចំនួន បានយកបច្ចេកវិទ្យាមកបោកប្រាស់ពលរដ្ឋ តាមរយៈបណ្ដាញសង្គម និងប្រព័ន្ធប្រើប្រាស់ផ្សេងៗ ដើម្បីគៀងគរពលរដ្ឋដាក់ ប្រាក់លើការវិនិយោគដោយចំនេញបានការប្រាក់ខ្ពស់ត្រឡប់មកវិញ ។
ពាក់ពា័ន្ធបញ្ហានេះ លោកក៏បានណែនាំអាជ្ញាធរមាន សមត្ថកិច្ច បន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងស្រាវជ្រាវរកជនបោកប្រាស់ទាំងអស់នោះ មកទទួលទោសមុខច្បាប់ ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏ត្រូវបង្កើន ការប្រុងប្រយ័ត្ន គិតពិចារណាឲ្យបានខ្ពស់ មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគចៀសវាង ការចាញ់បោកគេ។
លោកអគ្គនាយកគូសបញ្ជាក់ថា គណៈកម្មការមូលបត្រកម្ពុជា មានតួនាទីជានិយ័តករមូលបត្រ ដែលគ្រប់គ្រង និងត្រួតពិនិត្យរាល់សកម្មភាព នានាពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា ហើយមានគោលដៅការពារផល ប្រយោជន៍សារធារណៈជន និងទប់ស្កាត់រាល់អំពើ សកម្មភាពឆបោកតាមគ្រប់រូបភាពពីក្រុមហ៊ុន ពិសេសគឺរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គម តាមរយៈការកៀរគរមូលធនពីសាធារណៈជន ឬអ្នកវិនិយោគ មូលបត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការវិនិយោគនៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានចាត់ទុកអង្គសិក្ខាសាលានេះពិតជាមានសារៈសំខាន់ដល់អាជ្ញាធរ រួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាទប់ស្កាត់ និងលើកកម្ពស់ការយល់ដឹងកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងផលប្រយោជន៍ទីផ្សារមូលបត្រ ការបោះផ្សាយលក់មូលបត្រជាសាធារណៈ ៕