ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ បានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ ក្រោយទទួលមតិរិះគន់ពីប្រជាពលរដ្ឋពាក់ព័ន្ធការផ្គត់ផ្គង់ទឹក ។
តាមរយៈលិខិតផ្ញើមកលោកស្រី ចាន់ ណារី ម្ចាស់ អាជីវកម្មទឹកស្អាត នាថ្ងៃ២០ សីហា បានឲ្យដឹងថា ក្រោយរដ្ឋបាលខេត្តបានទទួលមតិរិះគន់ជាច្រើនពីប្រជាពលរដ្ឋ ទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត មិនមានគុណភាពស្របតាមស្ដង់ដារកំណត់ ទឹកមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់ ដែលកន្លងមកអាជ្ញាធរឃុំ ស្រុក ខេត្ត ធ្លាប់បានដោះស្រាយជាច្រើន លើកជាច្រើនសារ ប៉ុន្តែបញ្ហានេះអូសបន្លាយរហូត មកដល់បច្ចុប្បន្ន។
ដូច្នេះលោកស្រី ចាន់ ណារី ជាម្ចាស់អាជីវកម្មទឹកស្អាត ត្រូវអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួនឲ្យបានល្អប្រសើរ ដោយទុករយៈពេល១ខែ ដើម្បីកែលម្អបញ្ហានិងភាពអសកម្ម ប្រសិនបើមិនកែរដ្ឋបាលខេត្តនឹងចាត់ វិធានការច្បាប់តាម នីតិវិធីជាធរមាន៕