ព័ត៌មានជាតិ

សម្ដេច ស ខេង គ្មានមហិច្ឆតា ចង់ក្លាយជានាយករដ្ឋមន្ដ្រី

ភ្នំពេញ ៖ អ្នកនាំពាក្យខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា បានធ្វើការបដិសេធថា សម្តេចគ្មានមហិច្ឆតា ចង់ក្លាយជានាយករដ្ឋមន្ត្រី នាពេលខាងមុខឡើយ ។

ការបដិសេធរបស់អ្នកនាំពាក្យ បន្ទាប់ពីមានការលើកឡើងជាព័ត៌មាន និងជាមតិនៅលើគេហទំព័រហ្វេសប៊ុកថា សម្តេចក្រឡាហោម ស ខេង នឹងជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលខាងមុខ ។ ជាក់ស្តែងគណនីមានឈ្មោះ BongBunna Chaiheng បានសរសេរថា «សម្តេច ស ខេង ជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បន្ទាប់ពីនាយករដ្ឋមន្ត្រីចាស់ ចុះចេញពីតំណែង ពលរដ្ឋសាទរ នឹងចង់ឃើញខ្មែររួបរួមគ្នាតែមួយ»

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យខុទ្ទកាល័យរបស់សម្ដេច ស ខេង នៅថ្ងៃទី២០ សីហា បានឲ្យដឹងថា «សូមធ្វើការបដិសេធ និងសូមបញ្ជាក់ ជម្រាបជូនសាធារណជនថា សម្តេចក្រឡាហោម ស ខេង ដែលបានឆ្លងកាត់អាជីពជាអ្នកនយោបាយអស់រយៈពេលជាង៥០ឆ្នាំ ក្នុងការចូលរួមកិច្ចការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ហើយនៅពេលនេះ សម្តេចមានជន្មាយុច្រើនណាស់ទៅហើយ និងចង់ទុក ពេលវេលាសម្រាក ដោយគ្មានមហិច្ឆតាណាបន្តិចចន្តួចសោះក្លាយជានាយករដ្ឋមន្ត្រីនាពេលខាងមុខ»។

ប្រភពដដែលបន្ដថា កន្លងទៅថ្មីៗនេះ សម្តេចស ខេង ក៏បានគូសបញ្ជាក់រួចហើយថា សម្តេច នៅតែបន្តចូលរួម និងគាំទ្រ ឥតងាករេ ចំពោះការសម្រេចចិត្ត របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងបន្តជួយគាំទ្រ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដើម្បីសម្រេចរបៀបវារៈនយោបាយ ដែលបានដាក់ចេញ ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ហើយនឹងគាំទ្រ សម្រាប់អាណត្តិខាងមុខៗបន្តទៀត៕

To Top