ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ​ វាយតម្លៃខ្ពស់ ចំពោះការអប់រំ តាមបែបសាសនា ដើម្បីជំរុញឱ្យជាតិ មានការអភិវឌ្ឍ ប្រកបដោយចីរភាព

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានវាយតម្លៃខ្ពស់ ចំពោះការអប់រំ តាមបែបសាសនានិងវិទ្យាសាស្ត្រ ដើម្បីជំរុញឱ្យជាតិ មានការអភិវឌ្ឍប្រកបដោយចីរភាព ។

នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សសម័យឌីជីថល» នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍អន្តរជាតិជ្រោយចង្វារ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានកត់សម្គាល់ថា ភាពសុខុដុមរមនា នៃសាសនាក្នុង ព្រះរាជាណាចក្រកម្ពុជា ទាំងព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រឹស្តសាសនា បានបង្ហាញអំពីមោទកភាពជាតិខ្មែរ។

លោកឧបនាយករដ្ឋមន្ត្រី បន្តថា សុខុដុមនីយកម្ម ការទំនាក់ទំនងសហការរួមគ្នាជាធ្លុងមួយក្នុងការកសាងអំពើល្អខាងសាសនា គឺជាការបណ្តុះនូវពុទ្ធិ និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព ជាពិសេសគឺការអប់រំបញ្ញាស្មារតី គុណធម៌ និងសីលធម៌របស់ប្រជាជន ក្នុងបរិបទសម័យកាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿនជាសកល នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា ការអប់រំកាយ វាចា ចិត្ត និង បញ្ញាស្មារតីតាមបែបសាសនា ពិតជាមានសារៈសំខាន់ ដែលអាចជួយឱ្យប្រជាជន បានយល់ដឹងអំពីគុណ និងទោស បុណ្យនិងបាប កុសលនិងអកុសល មានហេតុមានផល អ្វីដែលគួរប្រព្រឹត្ត និងអ្វីដែលមិនគួរប្រព្រឹត្ត ហើយមានការព្យាយាមប្រព្រឹត្តខ្លួនឱ្យល្អទៅក្នុងសេចក្តីសុខជាប្រក្រតីគឺ ការរស់នៅប្រកបដោយសីលធម៌ សេចក្តីថ្លៃថ្នូរ ចេះគោរពឱ្យតម្លៃគ្នា មិនតាំងចេតនា បំផ្លាញគ្នា មានសាមគ្គីភាពជាមួយគ្នា ចេះជួយយកអាសារគ្នា មានស្មារតីនឹងនរ រឹងមាំ និងមិនលង់តាមកលល្បិចបោក បញ្ឆោតតាមគ្រប់រូបភាព ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍រម្លឹកបន្ថែមថា ក្រោយការ រំដោះក្នុងថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនដែលនៅសេសសល់ ពីសេចក្តីស្លាប់បានទទួល នូវសិទ្ធិសេរីភាព ពេញលេញក្នុងការគោរពជំនឿសាសនាឡើងវិញ រហូតមកដល់ពេលច្ចុប្បន្ននេះ ចំនួនវត្តអារាមនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា មានរហូតដល់ទៅជាង ៥ ០០០វត្ត ព្រមទាំងព្រះវិហារគ្រឹស្តសាសនា និងឥស្លាមសាសនា គ្របដណ្តប់ស្ទើរគ្រប់ឃុំ សង្កាត់ រហូតដល់ភូមិ និងមានបុព្វជិតរាប់ម៉ឺនអង្គ ដែលអាចផ្តល់នូវឱវាទដល់ប្រជាជន តាមការទេសនាដោយផ្ទាល់ និងតាមប្រព័ន្ធផ្សព្វផ្សាយកម្មវិធីឌីជីថល ដើម្បីជួយចម្រើនវិស័យសង្គមកិច្ច និងវិស័យសេដ្ឋកិច្ចសង្គម។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានស្នើឱ្យក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តរៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ និងងាយស្រួល ក្នុងការអនុវត្តសកម្មភាពការអប់រំ បង្ការទប់ស្កាត់បទល្មើស ជួញដូរមនុស្សនិងបទល្មើស ពាក់ព័ន្ធព្រមទាំងជួយបង្កលក្ខណៈងាយស្រួល ដល់សកម្មភាពបែបសាសនាអប់រំប្រជាជន ដើម្បីធានាបាននូវការអភិវឌ្ឍ សង្គមប្រកបដោយចីរភាព៕

To Top