ព័ត៌មានជាតិ

នាយកប្រតិបត្តិក្រុមហ៊ុន Haeje Industry Development របស់កូរ៉េ កោតសរសើរការរីកចម្រើននៅកម្ពុជា

ភ្នំពេញ៖ លោក Lee Sang Yoon នាយកប្រតិបត្តិក្រុមហ៊ុន Haeje Industry Development បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា។

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២០ ខែសីហា នៅវិមានសន្តិភាព លោក Lee Sang Yoon បន្ទាប់ពីកោតសរសើរ អំពីការរីកចម្រើនរបស់កម្ពុជាហើយនោះ លោកបានជម្រាបជូនសម្ដេចធិបតី អំពីជោគជ័យ នៃការរៀបចំពិព័រណ៍ផ្ទាំងគំនូរ របស់ក្រុមហ៊ុន នៅកម្ពុជា នាពេលថ្មីៗនេះ។

ដោយផ្អែកលើបទពិសោធន៍ជោគជ័យនេះ លោកនាយកប្រតិបត្តិ គ្រោងនឹងរៀបចំពិព័រណ៍នេះ ជាលើកទី២ ហើយនឹងបរិច្ចាគថវិកា ដែលទទួលបានពីកម្មវិធី ជូនកាកបាទក្រហមកម្ពុជា សម្រាប់សកម្មភាព មនុស្សធម៌។ ក្នុង ឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិ ក៏បានប្រគល់ជូនសម្ដេចធិបតី នូវផ្ទាំងគំនូរដ៏ល្អវិចិត្រ ដែលជារូបរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

សម្ដេចធិបតី បានអបអរសាទរ ចំពោះជោគជ័យនៃការរៀបចំពិព័រណ៍ផ្ទាំងគំនូរលើកទី១ ដែលបានប្រព្រឹត្តទៅនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងលើកទឹកចិត្ត ឱ្យក្រុមហ៊ុន បន្តរៀបចំពិព័រណ៍បែបនេះ នៅកម្ពុជា ដែលនឹងរួមចំណែកជំរុញការផ្លាស់ប្ដូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះការរៀបចំផ្ទាំងគំនូរដ៏វិចិត្រនេះ អំពីសម្តេចតេជោ ហ៊ុន សែន ដែលជានិមិត្តរូបនៃការតស៊ូ និងការលះបង់របស់សម្ដេចតេជោ ក្នុងការរំដោះជាតិ និងស្វែងរកនូវសុខសន្ដិភាពពេញលេញ ជូនប្រទេស និងប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានផ្តួចផ្តើមភ្ជាប់ទំនាក់ទំនងការទូត ជាមួយសាធារណរដ្ឋកូរ៉េក្នុងឆ្នាំ១៩៩៧៕

To Top