ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង នគរបាលជាតិ នៅថ្ងៃ១៩ សីហាបានជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ទោ ង្វៀង វ៉ាន់វៀន ប្រធាននាយកដ្ឋាន តម្រួតស៊ើបអង្កេតបទល្មើស គ្រឿងញៀនវៀតណាម និងសហការី ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើស គ្រឿងញៀន តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ។

ជំនួបពិភាក្សាការងារនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន និង លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន នៅអគ្គស្នងការដ្ឋាន នគរបាលជាតិ នាថ្ងៃទី១៩ សីហា។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ក៏បានបង្ហាញអំពីលទ្ធផល កិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ឯកតោភាគី ចាប់ពីឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ ភាគីកម្ពុជា បង្ក្រាបករណី ចរាចរឆ្លងដែន ពីកម្ពុជា ទៅវៀតណាម និង ពាក់ព័ន្ធនឹងជនជាតិ វៀតណាម សរុបចំនួន ៣៣ករណីធំៗ ដោយឃាត់ខ្លួនជន សង្ស័យចំនួន ១៥៩នាក់ និងរឹបអូសគ្រឿងញៀង សរុបជាង ៣៦៤គីឡូក្រាម។

បន្ទាប់មកលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ក៏បានធ្វើបទបង្ហាញ ពាក់ព័ន្ធកិច្ចប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន តាមខ្សែបន្ទាត់ព្រំដែន និងស្ថានភាពគ្រឿងញៀន នៅប្រទេសកម្ពុជា ដោយប្រទេសកម្ពុជា ទទួលរងឥទ្ធពលគ្រឿងញៀន ជាសកល ប្រទេសកម្ពុជា នៅជិតតំបន់ត្រី កោណមាស ការចរាចរគ្រឿងញៀនចូលកម្ពុជាតាមព្រំដែនឡាវ និងថៃ និង តាមបញ្ញើប្រៃសណីយ៍ ពីសហគមន៍អឺរ៉ុប ចូលមកកម្ពុជា ហើយបន្តចរាចរទៅប្រទេសទី៣ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ង្វៀង វ៉ាន់វៀន បានយល់ដឹងអំពីដំណើរការ នៃកិច្ចសហប្រតិត បត្តិការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន នាពេលកន្លងមក និងគាំទ្រកម្ពុជា បន្តកិច្ចសហប្រតិតបត្តិការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស គ្រឿងញៀននេះ កាន់តែទទួលបានលទ្ធផលល្អបន្ថែមទៀត ។

លោកក៏បានថ្លែងអំណរ គុណដល់ថ្នាក់ដឹកនាំកម្ពុជា ដែលបានសហការជួយទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននេះ បានទាន់ពេលវេលា ។ ទន្ទឹមនេះដែរ ភាគីទាំងពីរក៏បានឯកភាពគ្នា ប្តេជ្ញាចិត្ត បន្តកិច្ចសហការ រួមគ្នា បង្ការ ទប់ស្កាត់ និងបង្ក្រាបបណ្ដាញ ជួញដូរគ្រឿងញៀនឆ្លងដែន ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែម ទៀត៕
