ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង ស្នើដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការ ជាបន្ទាន់ចំពោះបុគ្គល ជាម្ចាស់គណនី Tik Tok មានឈ្មោះថា នរោត្តម សូរិយាវង្ស និងស៊ីសុវត្ថិ សីណាក់វង្ស ដែលបានបង្ហោះចែកចាយ ក្នុងប្រព័ន្ធបណ្តាញ ទំនាក់ទំនងសង្គម ប្រកាសអះអាងថា ខ្លួនជាអនុជរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តសីហមុនី ព្រះមហាក្សត្រកម្ពុជា។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងព្រះបរមរាជវាំង ចេញផ្សាយថ្ងៃទី២១ សីហា បានប្រកាសបដិសេធ ចំពោះបុគ្គលជាម្ចាស់គណនី Tik Tok មានឈ្មោះថា នរោត្តម សូរិយាវង្ស និង ស៊ីសុវត្ថិ សីណាក់វង្ស ដែលបានបង្ហោះ ចែកចាយក្នុងប្រព័ន្ធបណ្តាញ ទំនាក់ទំនងសង្គម ហើយប្រកាសអះអាងខ្លួន ជាអនុជរបស់ព្រះមហាក្សត្រ។
លិខិតបន្តថា បុគ្គលខាងលើ មិនមែនជាសែស្រឡាយ ព្រះរាជវង្សានុវង្ស ដែលទទួលស្គាល់ដោយព្រះបរមរាជវាំងឡើយ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានអនុជបង្កើតតែមួយព្រះអង្គគត់ គឺសម្តេច នរោត្តម នរិន្ទ្រពង្ស ដែល បានយាងចូល ព្រះទិវង្គតតាំងពីឆ្នាំ២០០៣ មកម៉្លេះ។
ប្រភពគូសបញ្ជាក់ថា “ក្រសួងព្រះបរមរាជវាំង សូមអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច ទាំងអស់ចាត់វិធានការ ជាបន្ទាន់ឲ្យបានម៉ឺងម៉ាត់បំផុតតាម រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រ កម្ពុជា”។
ជាមួយគ្នានេះដែរ ក្រសួងព្រះបរមរាជវាំង ក៏បានប្រកាសថា មានតែវេបសាយ (website) ចំនួន២ប៉ុណ្ណោះ ដែលបានប្រើ ប្រាស់ជាផ្លូវការ ១- www.norodomsihamoni.org/ របស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ។ ២-www.norodomsihanouk.info/ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ។ ក្រៅពីវេបសាយ(website) ទាំង២ខាងលើនេះ ពុំមានប្រព័ន្ធបណ្តាញ ទំនាក់ទំនង សង្គម ជាផ្លូវការរបស់ព្រះករុណា និងសម្តេចព្រះមហាក្សត្រី និង របស់ក្រសួងព្រះបរមរាជវាំងឡើយ ៕