ព័ត៌មានជាតិ

ក្នុងរយៈពេល១ឆ្នាំ នៃអាណត្តិថ្មី ៖ វិស័យឯកជន ទទួលស្គាល់ពីគុណភាព នៃការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល ដែលបានឆ្លើយតប តម្រូវការរបស់ក្រុមហ៊ុន

ភ្នំពេញ ៖ វិស័យឯកជន បានបង្ហាញ ការពេញចិត្តគាំទ្រគុណភាព នៃការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យយុវជន មានជំនាញច្បាស់លាស់ ផ្តល់ភាពងាយស្រួល និងផលចំណេញច្រើន សម្រាប់វិស័យឯកជន ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនចំនួនប្រមាណ ១,៥ លាននាក់មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ការយកចិត្តទុកដាក់ លើការបណ្តុះបណ្តាលអ្នកជំនាញនេះ លោក ជន វិចិត្រ ប្រធានផ្នែកជ្រើសរើសបុគ្គលិក និងបណ្តុះបណ្តាល នៃក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ថ្លែងថា ការជំរុញលើកកម្ពស់យុវជន ឱ្យមានជំនាញ បានជួយដល់វិស័យឯកជន មានភាពងាយស្រួលជាងមុន ក្នុងការស្វែងរកអ្នកជំនាញ មកបំពេញការងារ ពោលគឺទទួលបានធនធានថ្មី ដោយមិនបាច់ចំណាយពេលវេលា និងថវិកាបង្ហឹកបង្ហាត់ច្រើន ។

លោកថ្លែងថា ៖ «វាជាកម្មវិធីមួយដ៏ល្អខ្លាំងមែនទែន សម្រាប់ក្រុមហ៊ុន ក៏ដូចជាយុវជនដែរ ព្រោះអីសម្រាប់ក្រុមហ៊ុន វាដឹងតែល្អហើយ ព្រោះអីពីមុនមកយើងរើសបុគ្គលិក គឺយើងពិបាករកអ្នកជំនាញ អាចនិយាយថា ពិបាកព្រោះអីដោយសារយើង ត្រូវការកម្លាំងពលកម្ម្មច្រើន ហើយអ្នក ដែលមានចំណេះដឹងជំនាញទាំងអស់នោះវាតិច» ។

លោកវិចិត្រ បន្ថែមថា កម្មវិធីបណ្តុះបណ្តាលនេះ បានបើកឱកាសសម្រាប់យុវជន ឱ្យទទួលបានឱកាសនៃការរៀនសូត្របានកាន់តែច្រើន ខណៈឱកាសការងារក៏កំពុងរង់ចាំពួកគេ។

ចំណែក លោកឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាអគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប មើលឃើញថា ការអប់រំបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលជាយុទ្ធសាស្ត្រដ៏មុតស្រួច ក្នុងការលើកកម្ពស់ធនធានមនុស្ស ស្របពេលប្រទេសជាតិ កាន់តែរីកចម្រើនឡើង ឥតឈប់ឈរ ។ មិនតែប៉ុណ្ណោះ កម្មវិធីបណ្តុះបណ្តាលនេះ នឹងទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ចូលមកកម្ពុជា ព្រោះក្រៅពីការ គិតគូលើបទដ្ឋានគតិយុត្តិផ្សេងៗ កម្លាំងពលកម្មគឺជាចំណុចស្នូលក្នុងការសម្រេចចិត្តរបស់អ្នកវិនិយោគ ផងដែរ ។
លោកបន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល បានឆ្លើយតបការចង់បាន របស់កម្មករនិយោជិត និងជាផ្នែកមួយដ៏សំខាន់ ក្នុងដំណើរការអាជីវកម្ម ក៏ដូចជាម្ចាស់សហគ្រាសទាំងអស់ ។

លោកថ្លែងថា៖«ជំនាញនេះគឺសឹងតែស្មើនឹងឆ្នាំងបាយ ពីព្រោះថាវាជួយបង្កើនផលិតភាពក្រុមហ៊ុន ហើយជួយបង្កើនផលិតភាពការងារ ហើយក៏ជាឧបករណ៍មួយដ៏សំខាន់ក្នុងការស្រូបទាញអ្នកវិនិយោគិនមកប្រទេសកម្ពុជាយើងដែរ»។

រីឯ លោក Albert Tan អនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) បានសាទរចំពោះរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាពិសេសគឺកម្មវិធី ១.៥លាននាក់ ដែលជារឿងល្អ ចាំបាច់ មានអត្ថប្រយោជន៍ និងមានសារៈសំខាន់ក្នុងការកសាងវិស័យឯកជន។

លោកបញ្ជាក់ថា ៖«ភាពរហ័សរហួន របស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងកង្វល់ ឬបញ្ហាប្រឈមផ្សេងៗរបស់វិស័យឯកជននេះគឺ ឱ្យវិស័យឯកជន កាន់តែមានទំនុកចិត្តលើរាជរដ្ឋាភិបាល ទាំងវិនិយោគដែលមានស្រាប់នៅក្នុងប្រទេស ក៏ដូចជាការទាក់ទាញវិនិយោគថ្មី បន្ថែមមកទៀត»។

លោក ប៊ុន ថន ប្រធានប្រតិបត្តិការធុរកិច្ចក្រុមហ៊ុនផលិតទឹកវីតាល់ និយាយថា ចំពោះសមត្ថភាពគុណភាពសិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល គឺក្រុមហ៊ុនអាចទទួលយកបាន ហើយមានភាពងាយស្រួលជាងមុន ដោយក្រុមហ៊ុនគ្រាន់តែចំណាយពេលបន្តិចបន្តួចក្នុងការ បណ្តុះបណ្តាលគោលការណ៍ក្រុមហ៊ុន គោលការណ៍អនាម័យ សុវត្ថិភាពម្ហូបអាហារ និងសុត្ថិភាពបុគ្កលិក ជាដើមប៉ុណ្ណោះ។

លោកថ្លែងថា ៖ «យើងមានការសប្បាយចិត្ត ដោយបុគ្គលិកជំនាញ របស់យើងជួយបង្កើនផលិតភាព ទៅលើក្រុមហ៊ុន ហើយយើងកាត់បន្ថយ មិនមានរើសបុគ្គលិកជំនាញ ពីក្រៅប្រទេសមកធ្វើការទេ ហើយយើងអាចដោះស្រាយបញ្ហានៅពេល ដែលម៉ាស៊ីនខូច ហើយនិងការថែទាំ យើងមានបុគ្គលិកជំនាញធ្វើការ ទាន់ពេលវេលា យើងកាត់បន្ថយការខ្ជះខ្ជាយ របស់យើងបានច្រើន» ។

លោកប្រធានប្រតិបត្តិការ ធុរកិច្ចក្រុមហ៊ុន ផលិតទឹកវីតាល់ បានអរគុណរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ ក្នុងការជំរុញការបណ្តុះបណ្តាល ដល់យុវជន ឱ្យមានជំនាញ ១យ៉ាងតិច ដើម្បីអាចស្វែងរកការងារ ធ្វើបាន មានប្រាក់ចំណូលសមរម្យ ហើយអាចធ្វើការអភិវឌ្ឍខ្លួន ទៅជាមូលធនមនុស្ស ដ៏ប្រសើរ ៕

To Top