ព័ត៌មានជាតិ

អ្នកនាំពាក្យលោក ស សុខា ៖ មជ្ឈដ្ឋានប្រឆាំងជ្រុលនិយម ប្រើវិធីសាស្ដ្រដដែលៗ បង្កប់ដោយល្បិចកលពុតត្បុត

ភ្នំពេញ ៖ អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានយល់ឃើញថា មជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេស តែងតែបានប្រើប្រាស់វិធីសាស្ត្រដដែលៗ បង្កប់ដោយល្បិចកលពុតត្បុត អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នេះបើយោងតាមសេចក្ដីបដិសេធរបស់ អ្នកនាំពាក្យ។

អ្នកនាំពាក្យលោក ស សុខា បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមដោយ បានសរសេរថា«លោក ស ខេង និង ស សុខា ត្រូវបាន ហ៊ុន សែន បញ្ជាអោយព័ទ្ធផ្ទះ និងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធការមិនគាំទ្រគម្រោង CLV។ ជាក់ស្តែងនៅក្នុងប្រតិបត្តិការ ១៨ សីហា ឆ្នាំ ២០២៤ កន្លងទៅ លោក ស ខេង និង ស សុខា មិនគាំទ្រហើយក៏មិនអនុញ្ញាតឲ្យកម្លាំងសមត្ថកិច្ច របស់ខ្លួនចេញប្រតិបត្តិការដែរ។ យើងឃើញកម្លាំងដែលចេញប្រតិបត្តិការទាំងអស់ គឺជាកម្លាំង របស់ ហ៊ុន សែន និង ទាហានយួនពាក់ឯកសណ្ឋានខ្មែរ»។

អ្នកនាំពាក្យ បដិសេធយ៉ាងដាច់អហង្ការ និងចាត់ទុកថា «ការផ្សព្វផ្សាយខាងលើនេះ គឺជាព័ត៌មានមិនពិត មានការរៀបចំសេណារីយ៉ូមូលបង្កាច់ ខុសការពិត ដែល មានចរិតបម្រើគោលបំណង ដ៏ពិសពុលជ្រុលនិយមរបស់ខ្លួន ក្នុងការបំបែកបំបាក់សាមគ្គីភាព ឯកភាព ផ្ទៃក្នុងយ៉ាងរឹងមាំ ជាពិសេសក្នុងចេតនាបង្កើត ឱ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យមកលើគោល ជំហររបស់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ចំពោះគណបក្ស ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុង ដឹកនាំប្រទេស និងការពារផលប្រយោជន៍ជាតិ និងប្រជាជន»

អ្នកនាំពាក្យ បញ្ជាក់ដែរថា គ្មានការឃុំឃាំងខ្លួន សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និង លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅក្នុងគេហដ្ឋាន ដូចការផ្សព្វផ្សាយនោះឡើយ ដោយ សម្តេចក្រឡាហោម និង លោក ស សុខា មានសិទ្ធិសេរីភាពពេញលេញ ក្នុងបេសកកម្មការងារបម្រើជាតិ និង ប្រជាជនជាប្រក្រតី។

អ្នកនាំពាក្យ សង្កត់ធ្ងន់ថា អាជ្ញាធរ និងកងកម្លាំង មានសមត្ថកិច្ចទាំង អស់ចំណុះក្រសួងមហាផ្ទៃ គឺជាអាជ្ញាធរ កងកម្លាំងបម្រើការពារ ផលប្រយោជន៍រួម របស់ជាតិ និងប្រជាជនពោល គឺពុំមែនជាអាជ្ញាធរកងកម្លាំងផ្តាច់មុខរបស់បុគ្គលណាមួយឡើយ ហើយក្នុងនាមក្រសួងមហាផ្ទៃ លោក ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះរដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ឲ្យយកចិត្តទុកខ្ពស់ ចំពោះសភាពការណ៍ ធ្វើកុបកម្ម ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតរបស់ប្រជាជន ក្នុងអាណត្តិទី៧ ចាប់ពីថ្ងៃទី១៥ ដល់ ដំណាច់ខែសីហា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ។ ទន្ទឹមគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចក៏បានអនុវត្ត បទបញ្ជាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដែរ។

អ្នកនាំពាក្យ យល់ឃើញថា «មជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅ ប្រទេសតែងតែបានប្រើប្រាស់ វិធីសាស្ត្រដដែលៗ បង្កប់ដោយល្បិចកលពុតត្បុតនេះ អស់រយៈពេលជាច្រើន ឆ្នាំមកហើយ ដើម្បីប៉ុនប៉ងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំបន្ត វេនរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ តែយ៉ាងណា ទាំងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំ បន្តវេននៅតែបន្តរក្សាបាននូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុងយ៉ាងរឹងមាំ តាមរយៈការតម្កល់ឧត្តម ប្រយោជន៍រួមក្នុងបុព្វហេតុជាតិ និងប្រជាជន»

To Top