ព័ត៌មានជាតិ

បាឋកថាឈ្វេងយល់ ពីទំនើបកម្មសង្គមនិយម តាមបែបផែនចិន មូលដ្ឋានគ្រឹះ នៃការយល់ដឹងសកល​ រៀបចំធ្វើឡើង នៅព្រឹទ្ធសភាកម្ពុជា

រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋានអភិវឌ្ឍន៍ ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាកម្ពុជា មានរៀបចំបាឋកថា ឈ្វេងយល់ពីទំនើបកម្មសង្គមនិយម តាមបែបផែនចិន មូលដ្ឋានគ្រឹះ នៃការយល់ដឹងសកល ។

ថ្លែងទៅកាន់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ដែលជាសិក្ខាកាមរៀនភាសាចិន និងជាសិក្ខាកាមគ្រោង ទៅសិក្សាវគ្គខ្លី នៅប្រទេសចិន សរុបចំនួន ៣០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានគូសបញ្ជាក់ថា ក្នុងការសម្រេចជោគវាសនា របស់ប្រជាជន និងប្រទេសចិន បក្សកុម្មុយនិស្តចិន ដែលមានលោក Xi Jinping ជាស្នូលបាន និងកំពុងបង្កើនល្បឿនៃកំណែទម្រង់ និង ការបើកទូលាយ ដោយយកការ បើកទូលាយជំរុញ កំណែទម្រង់ ជំរុញការអភិវឌ្ឍ ឱ្យបន្តទទួលបាន នូវសមិទ្ធផលថ្មីបន្ថែមទៀត។ លោកបណ្ឌិត ក៏បានរំលេចពីសមាជបក្សកុម្មុយនិស្តចិន ចាប់ពីអាណត្តិទី១៨ មកបានអនុវត្តយ៉ាងស៊ីជម្រៅ នូវយុទ្ធសាស្ត្រយកវិទ្យាសាស្ត្រ និងការអប់រំ បង្កើនគុណភាពនិងពង្រីក បរិមាណធនធានមនុស្សជំរុញ នវានុវត្តន៍ ដើម្បីបន្តមហាដំណើរ នៅក្នុងការពង្រឹងកិច្ចគាំទ្រ ចំពោះការកសាងទំនើបកម្ម។

បន្ថែមពីលើនេះ លោកបណ្ឌិត ក៏បានគូសបញ្ជាក់ ពីកំណែទម្រង់ និង ការបើកទូលាយរបស់ចិន ដោយពីយុគសម័យថ្មី បានរួមចំណែក ផ្តល់ដំណោះស្រាយ សកលដល់ពិភពលោក ក្នុងការរួមគ្នាកសាង អរិយធម៌អេកូឡូស៊ី រួមគ្នាកសាង សហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ ដែលមានគំនិតផ្ដួចផ្ដើមទាំង៤ជាសសរស្តម្ភរួមមាន៖ «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ» «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» «គំនិតផ្តួចផ្តើមសន្តិសុខសកល» និង «គំនិតផ្តួចផ្តើមអរិយធម៌សកល»។

លោកបណ្ឌិតក៏បាន សង្ខេប ពីការសំយោគទស្សនវិជ្ជា ខុងជឺ និង ទស្សនវិជ្ជាកាល់ម៉ាក្ស ដែលបាននាំមកនូវ វិបុលភាពរុងរឿង ដល់សង្គមចិនថែមទៀតផង ។

ក្នុងនាមសិក្ខាកាមដែលគ្រោង នឹងទៅសិក្សាវគ្គខ្លី នៅប្រទេសចិនតាមរយៈអាហារូបករណ៍ MOFCOM របស់ស្ថានទូតចិន ប្រចាំកម្ពុជា លោកស្រី ឃុន សុវណ្ណនេត្រា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលតែងបានចែករំលែកនូវ បទពិសោធន៍នានាជាច្រើនពីប្រទេសចិន ហើយអង្គបាឋកថានារសៀលនេះបានផ្តល់ឱ្យមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានយល់ដឹងកាន់តែស៊ីជម្រៅពីអរិយធម៌អេកូឡូស៊ី ពីសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ ពីទំនើបកម្មសង្គមនិយម តាមបែបផែនចិនដែលជាខ្លឹមសារសំខាន់ ចេញពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣អាណត្តិទី២០ នៃគណកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន។

លោកស្រីក៏បានបញ្ជាក់បន្ថែមថា ជារៀងរាល់សប្តាហ៍ លោកបណ្ឌិត ជា មុនីឫទ្ធិ តែងបានចំណាយពេល៣ម៉ោង ក្នុងការចែករំលែក ពីទស្សនវិជ្ជាខុងជឺ និងប្រាជ្ញាចិនដែលផ្តោត លើចក្ខុវិស័យរបស់លោក Xi Jinping ព្រមទាំងការ គិតពិចារណា ដោយប្រើប្រាស់វិធីបដិសំយោគ សម្ភារនិយមវិចារវិទ្យា ទៀតផង។ ជាមួយគ្នាផងដែរ មន្ត្រីរាជការដែលបាន ចូលរួមក្នុងពិធីនេះ ក៏បានស្តាប់ យ៉ាងយកចិត្តទុកដាក់ ពីបទឧទ្ទេសនាមរបស់លោកបណ្ឌិត ស្តីពីគំនិតផ្តួចផ្តើម អរិយធម៌សកល ដោយបានសង្ខេបដក ស្រង់ចេញ ពីសៀវភៅជាខេមរភាសា ស្តីពីយល់ដឹង កាន់តែស៊ីជម្រៅ ពីគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលជាឯកសារគោលដ៏សំខាន់មួយដែល បានបោះពុម្ពនិងផ្សព្វផ្សាយជាសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤កន្លងមកផងដែរ៕

To Top