ភ្នំពេញ ៖លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានព្រមានដកតួនាទី និងបញ្ចប់ក្របខណ្ឌ ចំពោះមន្រ្តីដែលមិនបានបំពេញតួនាទី ភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការបង្រ្កាបបទល្មើសបរិស្ថាន ដែលធ្វើឱ្យមានបញ្ហាបរិស្ថាន ប៉ះពាល់សុខភាពនិងអាយុជីវិត របស់ប្រជាពលរដ្ឋ។
ការព្រមានខាងលើធ្វើឡើង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក និងនាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៅទីស្តីការក្រសួងបរិស្ថាន។
លោករដ្ឋមន្ដ្រី បានបន្ថែមថា មន្រ្តីបរិស្ថានត្រូវរួមគ្នា ការពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋកម្ពុជាចំនួន ១៧លាននាក់។ កាលណាមានការបំផ្លាញ បរិស្ថានធ្ងន់ធ្ងរ ប៉ះពាល់សុខភាព និងអាយុជីវិតប្រជាជន វាក៏បំផ្លាញមុខមាត់ក្រសួងបរិស្ថាន និងមុខមាត់របស់កម្ពុជាទាំងមូលដែរ។
លោករដ្ឋមន្ដ្រី បានថ្លែងថា «ខ្ញុំសូមក្រើនរំលឹកជាថ្មី ចំពោះមន្ត្រីរាជការមួយចំនួន ដែលមិនគោរពកាតព្វកិច្ច និងករណីយកិច្ចរបស់ខ្លួន ក្នុងនាមជាមន្រ្តីរាជការសាធារណៈ ហើយបើនៅតែបន្តភាពអសកម្ម ក្នុងការចាត់វិធានការច្បាប់ក្នុងការបង្រ្កាបបទល្មើសបរិស្ថាន ជាពិសេសការបំពុលបរិស្ថានទឹកធ្ងន់ធ្ងរ ដែលអាចប៉ះពាល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ គឺអាចបញ្ឈប់ និងស្នើលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌនៃមន្ត្រីរាជការរបស់ក្រសួង»។
កន្លងមកមន្រ្តីក្រសួងបរិស្ថាន បានខិតខំយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញដោយមានការដឹកនាំចង្អុលបង្ហាញពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើសរសស្តម្ភ៣ គឺ ភាពស្អាត បៃតង និងចីរភាព។ លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា សុខភាពបរិស្ថាន មាន៣ គឺទី១ ៖ បរិស្ថានលើមេឃ, ទី២៖ បរិស្ថានលើដី និងទី៣៖ បរិស្ថានក្នុងទឹក។ ក្រសួងបរិស្ថាន បាននឹងកំពុងទប់ស្កាត់ការបំពុល នៅក្នុងបរិស្ថានទាំង ៣នេះ។
ជុំវិញបញ្ហានេះដែរ កន្លងមកនេះ លោករដ្ឋមន្ដ្រី ក៏បានណែនាំឱ្យមន្ត្រីរបស់ក្រសួងបរិស្ថាន ពិសេសនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក និងនាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ ចុះពិនិត្យតាមដានការបង្ហូរទឹកកខ្វក់ ចូលប្រភពទឹក នៅខេត្តបាត់ដំបង និងនៅកំពង់សោម តែមន្ត្រីទាំងនោះ ហាក់មិនបានយកចិត្តទុកដាក់លើការងារនេះឡើយ។ បើនៅតែមិនព្រមចាត់វិធានការលើការងារនេះទេ មន្ត្រីទាំងនោះនឹងប្រឈមមុខ ទៅនឹងការដកតំណែងនិងបញ្ឈប់ពីក្របខ័ណ្ឌមន្រ្តីរាជការហើយ៕