ភ្នំពេញ៖ លោកស្រី Valeria Csukasi Cabrera ឯកអគ្គរដ្ឋទូត អុយរ៉ាហ្គាយថ្មី ប្រចាំកម្ពុជាបានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការចូលរួមសហការ ជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាទាក់ទាញទេសចរ ពីអ៊ុយរ៉ាហ្គាយ មកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើន ។

ការប្ដេជ្ញារបស់ទូតអុយរ៉ាហ្គាយ ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២១ ខែសីហា ។
នៅក្នុងជំនួបនោះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា តាមរយៈបេសកកម្មការទូតរបស់លោកស្រីនាឱកាសនេះ សង្ឃឹមថាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់មានភាពតែរឹងមាំ និងប្រសើរឡើងថែមមួយកម្រិតទៀត។

ជាមួយគ្នានេះ លោកស្រីទូត បានបង្ហាញពីចំណាប់អារម្មណ៍ជាវិជ្ជមាន ចំពោះការផ្លាស់ប្តូរមុខមាត់ របស់ព្រះរាជាចក្រកម្ពុជា ជាពិសេសគឺ រាជធានីភ្នំពេញ ដែលមានភាពខុសប្លែកគ្នាជាខ្លាំង បើធៀបនឹងទស្សកិច្ចលើកទីមួយ របស់លោកស្រីមកកាន់ទីនេះ។

ដោយមើលឃើញពីសក្តានុពល និងការត្រៀមខ្លួនរួចជាស្រេច របស់កម្ពុជា លោកស្រី ក៏បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការចូលរួមសហការ ជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការទាក់ទាញទេសចរ ពីសាធារណរដ្ឋអ៊ុយរ៉ាហ្គាយ មកទស្សនាព្រះរាជាណាចក្រកម្ពុជា ឱ្យបានកាន់តែច្រើនផងដែរ ៕
