ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ ៣នាក់ ជាបន្តបន្ទាប់បណ្តាល មកពីការពុលស្រា នៅស្រុកទ្រាំង ខេត្តតាកែវ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា ការស្លាប់មនុស្ស៣នាក់ ជាបន្តបន្ទាប់ បានកើតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ និង៣នាក់ទៀត កំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យ ហើយភ្លាមៗ នោះមន្ទីរសុខាភិបាលខេត្ត បានចាត់ឱ្យក្រុមឆ្លើយតបបន្ទាន់ របស់មន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព សហការជាមួយ នគរបាលស្រុក នគរបាលឃុំអាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ ក្រុមការងារសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងក្រុមកោសល្យវិច័យ នៃស្នងការនគរបាលខេត្ត ចុះទៅពិនិត្យនិងស្រាវជ្រាវ ផ្ទាល់ដល់ទីកន្លែងកើតហេតុ ដើម្បីស្វែងរកមូលហេតុ ដែលបណ្តាលឱ្យមានបញ្ហា សុខភាពនិងស្លាប់ខាងលើ។
តាមការសាកសួរបង្ហាញថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ពួកគាត់បានពិសាស្រាថ្នាំ លុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ មនុស្ស៣នាក់បានស្លាប់ និង៣នាក់ទៀតត្រូវបានជួយសង្គ្រោះ ពីសំណាក់ក្រុមគ្រូពេទ្យ ។ លទ្ធផលតេស្ត និងវិភាគសំណាកស្រាថ្នាំ ដោយអគ្គនាយកដ្ឋាន«ក.ប.ប.» ឃើញថា មានផ្ទុក សារធាតុមេតាណុលកម្រិត១៥% ដែលធ្វើឱ្យពុលស្លាប់ ដែលកម្រិតមិនពុលនោះ មិនត្រូវលើសពី ០.១% ៕