ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដឹកនាំដោយឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

សូមជម្រាបថា កិច្ចជំនួបមានគោលបំណង ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ ក្នុងការរៀបចំប្រព័ន្ធធារាសាស្ត្រ សំដៅជំរុញបង្កើនការ ផលិតសម្រាប់វិស័យ កសិកម្មកម្ពុជា និងឱកាសសហប្រតិបត្តិការ លើគម្រោងពាក់ព័ន្ធនឹងការជំរុញ ខ្សែច្រវាក់ផលិតកម្ម សេដ្ឋកិច្ចជនបទ សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។

ក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អំពីការងារអាទិភាពរបស់ក្រសួង ក្នុងអាណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺនៅតែបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាន នូវសន្តិសុខទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញកំណើនសេដ្ឋកិច្ចសង្គម ព្រមទាំងលើកកម្ពស់ កម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

តំណាងគណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោក កៅ ថាច បានជម្រាបជូនលោករដ្ឋមន្ត្រីថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ គឺជាធនាគារ ដែលបម្រើគោលនយោបាយ របស់រាជរដ្ឋាភិបាល ដោយធ្វើប្រតិបត្តិការចម្បង ផ្ដោតលើការផ្ដល់ឥណទានដល់អតិថិជន និងឥណទានបោះដុំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីផ្ដល់ឥណទានបន្តជូនប្រជាកសិករ។

លោកតំណាងគណៈប្រតិភូ បានបញ្ជាក់ថា ធនាគារARDB កំពុងស្វែងរកឱកាសហប្រតិបត្តិការ ជាមួយក្រសួងនានា ស្ថាប័នជាតិ និងអន្តរជាតិពាក់ព័ន្ធ ដើម្បីកៀរគរប្រភពទុនបន្ថែម និងពង្រីកការផ្ដល់ឥណទាន ជូនអតិថិជនឱ្យកាន់តែមានប្រសិទ្ធភាព ។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារបានបញ្ចប់ ដោយភាពរីករាយ និងសិ្នទ្ធស្នាល ខណៈភាគីទាំងពីរ បានសន្យាពង្រឹងនូវកិច្ចសហប្រតិបត្តិការ នានានៅពេលខាងមុខ ៕


