ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ បុកជាមួយម៉ូតូស្លាប់ ២នាក់របួសម្នាក់ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង

ស្វាយរៀង៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយដ៏រន្ធត់រវាងម៉ូតូបុក ជាមួយរថយន្តក្រឡុកស៊ីម៉ង់ បានបណ្ដាលឲ្យយុវជន ២នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់កាលពីវេលាម៉ោង ១០និង៤៥នាទី ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣៧/១៣៨ ក្នុងភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុក ស្វាយទាបបានឲ្យដឹងថា អ្នកស្លាប់មានឈ្មោះហង្ស បញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀងនិងឈ្មោះព្រាប បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ។ចំណែកអ្នករងរបួសមាន ឈ្មោះ ធឿន សុភាព ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ធ្វើការក្នុងម៉ាត បច្ចុប្បន្ននៅ ភូមិទួលពិល ឃុំស្វាយរំពារ ស្រុកស្វាយទាបបើកម៉ូតូម៉ាក ហុងដា ពណ៍ខ្មៅសេរីឆ្នាំ២០១៦ពាក់ស្លាកលេខស្វាយរៀង ១I-២៣៦៨។ចំពោះអ្នកបើករថយន្តមានឈ្មោះ ឈួន វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ បើកបរ បច្ចុប្បន្ននៅ ភូមិមៀន ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង។

បើតាមអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តក្រឡុកសុីម៉ង់ ម៉ាក HOWO ពណ៌ស ពាក់ស្លាកលេខស្វាយរៀង ៥A-២២៨២ ដោយធ្វើដំណើរ ពីរកើតទៅលិច លើផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដា ពណ៍ខ្មៅសេរីឆ្នាំ២០១៦ ពាក់ស្លាកលេខស្វាយរៀង ១I-២៣៦៨ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីលិច ទៅកើត ដោយប្រើប្រាស់ ល្បឿនលឿន មិនប្រកាន់ស្តាំក៏បុករថយន្តក្រឡុក ស៊ីម៉ង់យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្តង។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានឲ្យដឹងទៀតថា ក្រោយពីកើតហេតុ អ្នករងរបួសត្រូវបានបញ្ជូនទៅ មន្ទីពេទ្យបង្អែកស្រុកស្វាយទាប ចំណែកសាកសព ជនរងគ្រោះ ទាំងពីរនាក់ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង ចំពោះមធ្យោបាយធ្វើដំណើរ យកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្វាយទាបដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
  

To Top