ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលកំពុង ប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន ឬហៅថា បុគ្គលស្វ័យនិយោជន៍ បានសម្ដែងក្ដី រីករាយយ៉ាងខ្លាំង ដោយពួកគាត់បានចាត់ទុកថា ជាប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់កម្ពុជាដែលបានផ្ដល់ប័ណ្ណប.ស.ស. សម្រាប់អាជីវករតាមកញ្ច្រែងល្អី និងអ្នកមានមុខរបរតូចតាចផង ខណៈពួកគាត់បានថ្លែងអំណរ គុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់ការគាំពារសុខភាពពួកគាត់។
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសដាក់ឱ្យអនុវត្តនូវ គម្រោងសាកល្បងរបបថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ តាមរបបភាគទាន ដោយស្ម័គ្រចិត្ត គេសង្កេតឃើញថា បុគ្គលស្វ័យនិយោជន៍ មានការសប្បាយរីករាយយ៉ាងខ្លាំង និង នាំគ្នាសម្រុកមកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ដើម្បីមានឱកាសទទួល បានការគាំពារសុខភាព និងប្រាក់បំណាច់មាតុភាពដូចជាមន្រ្តីរាជការដែរ។
អ្នកស្រី លៀង លីនដា ជាអាជីវករ លក់ដូរនៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ក៏ដូចជាអាជីវករជាច្រើនទៀត ក្នុងរាជធានីភ្នំពេញបានបង្ហាញអារម្មណ៍ពិតថា ពួកគាត់ពិតជាសប្បាយរីករាយខ្លាំងណាស់ ព្រោះមិនធ្លាប់នឹកស្មានថា ត្រឹមជាពលរដ្ឋអាជីវករធម្មតាមានមុខរបរតិចតួចនៅផ្ទះ ក៏អាចទទួលបានសិទ្ធិក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស.បានដែរ។
អ្នកស្រីបន្តថា ប័ណ្ណ ប.ស.ស.ពិតជាសំខាន់ណាស់ សម្រាប់អ្នកស្រី ព្រោះវាអាចជួយសម្រាលលើបន្ទុក ចំណាយបានច្រើនណាស់ នៅពេលអ្នកស្រីឈឺទៅពេទ្យ ។ ពិសេសពេលសម្រាលកូនមិនអស់ថ្លៃ ហើយថែមទាំងបានប្រាក់ឧបត្ថម្ភពី ប.ស.ស. ទៀត ដោយអ្នកស្រីបានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ចំពោះពួកគាត់។
អ្នកស្រី លីនដា បញ្ជាក់ថា៖«ពេលយើងទៅពិនិត្យសុខភាព ឬក៏ទៅព្យាបាល គឺយើងមិនចាំបាច់ចំណាយលុយផ្ទាល់ខ្លួនទេ ព្រោះយើងជាសមាជិកប.ស.ស។ កន្លងមក ខ្ញុំគិតថា ខ្ញុំគ្មានឱកាសទទួលបានប័ណ្ណ ប.ស.ស. នោះទេ ដោយសារយើងមិនមែនជាបុគ្គលិកក្រុមហ៊ុន តែពេលនេះខ្ញុំមិនមានការព្រួយបារម្ភទៀតទេ ព្រោះប.ស.ស. អាចជួយសម្រាលបន្ទុកគ្រួសារខ្ញុំបានច្រើន»។
អាជីវករលក់ដូរតាមផ្លូវវ័យ ៥៦ឆ្នាំឈ្មោះ ផាន ភី កំពុងអង្គុយរង់ចាំការចាប់លេខរៀងចូលស្នើសុំប័ណ្ណ ប.ស.ស. នៅរាជធានីភ្នំពេញបាននិយាយថា លោក និងភរិយាបានធ្វើដំណើរពីក្រុងអរីយក្សត្រមកស្នើសុំប័ណ្ណ ប.ស.ស. នៅភ្នំពេញ។ លោកបានដឹងច្បាស់ពីអត្ថប្រយោជន៍របស់ ប.ស.ស. ទាក់ទងការថែទាំសុខភាព និងព្យាបាលជំងឺ។
លោកបន្តថា កន្លងមកមិនបានដឹងពីថាប្រជាពលរដ្ឋដែលកំពុងប្រកបរបរតាមផ្លូវអាចស្នើសុំប័ណ្ណ ប.ស.ស. បានទេ ព្រោះមានតែមន្រ្តីរាជការ និងបុគ្គលិកក្រុមហ៊ុន ប៉ុន្ដែពេលនេះវាជាប្រវត្តិសាស្រ្តថ្មីមួយសម្រាប់កម្ពុជា ក៏ដូចជារូបលោកដែរ។
លោកបានទទួលព័ត៌មានពីបណ្ដាញសង្គម និងអ្នកជិតខាងនិយាយប្រាប់ ទើបលោកប្រញាប់នាំភរិយាមកស្នើសុំប័ណ្ណ ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងពីរនាក់។ លោកទាំងពីរនាក់ប្ដីប្រពន្ធមានវ័យកាន់ចំណាស់ ហើយក៏មានជំងឺប្រចាំកាយច្រើនផងដែរ។
លោកបញ្ជាក់ថា៖«ខ្ញុំក៏ចង់នាំម្ដាយ ខ្ញុំមកធ្វើប័ណ្ណ ប.ស.ស. ដែរ ព្រោះគាត់ឧស្សាហ៍ទៅពិនិត្យជំងឺ ហើយត្រូវចំណាយលុយ ជាច្រើនទាំងទិញថ្នាំពេទ្យ សេវាពិនិត្យ និងសេវាព្យាបាល ប៉ុន្ដែប្រសិនបើម្ដាយខ្ញុំមានប័ណ្ណ ប.ស.ស. ដែរ គឺនឹងកាត់បន្ថយការចំណាយយ៉ាងច្រើន។ ឥឡូវនេះ គាត់នៅផ្ទះ តែខ្ញុំ និងប្រពន្ធខ្ញុំមកធ្វើសិន រួចហើយចាំនាំគាត់មកពេលក្រោយទៀត»។
អាជីវករ កែវ សុវណ្ណរិទ្ធ ជាអ្នកលក់ដូរ នៅតាមផ្លូវបាននិយាយទាំងទឹកមុខសប្បាយរីករាយថា លោកបានប្រកបមុខរបបរ លក់បាយនៅតាមផ្លូវអស់រយៈពេល ៦ឆ្នាំហើយ ទើបតែទទួលបានប័ណ្ណ ប.ស.ស. ទេ ដោយសារកន្លងមក លោកមិនធ្លាប់ដឹងថាអាជីវករដូចពួកលោក ក៏អាចទទួលបានប័ណ្ណប.ស.ស. ដែរ។
លោកធ្លាប់តែលឺថា ប័ណ្ណ ប.ស.ស. អាចទទួលបានសម្រាប់តែមន្រ្តីរាជការ និងបុគ្គលិកក្រុមហ៊ុន ប៉ុន្ដែពេលនេះលោកក៏អាចទទួល បានការគាំពារទៅលើការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាព ដូចទៅនឹងមន្រ្តីរាជការ និងអ្នកដែលកំពុងមានការងារធ្វើជាសមាជិក ប.ស.ស. ដទៃទៀតដែរ។
លោក សុវណ្ណរិទ្ធ បញ្ជាក់ថា៖«អាជីវករគ្រប់គ្នា គួរតែទៅស្នើសុំប័ណ្ណ ប.ស.ស. ដើម្បីបានក្លាយជាសមាជិក និងអាចប្រើប្រាស់សេវាកម្មតាមរយៈការពិនិត្យសុខភាព និងការព្យាបាលជំងឺ។ ខ្ញុំទើបតែបានស្នើសុំប័ណ្ណ ប.ស.ស. ដែរ ហើយក៏បានប្រើប្រាស់ពីរលើករួចមកហើយ វាពិតជាជួយសម្រួលបន្ទុកខ្ញុំបានច្រើនពិតមែន»។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤នេះ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុបចំនួន ៤០៤ ៤៥៧នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៨៧ ៩០៧នាក់។
ក្នុងនោះបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទទួលបានដោយចំណាយត្រឹម ១៥ ៦០០ រៀលក្នុង ១ខែតាមរយៈគោលនយោបាយថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានប្រកាសដាក់ចេញកាលពីថ្ងៃទី ១៤ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅនេះ។
លោកបន្តថា ពួកគេទទួលបានអត្ថប្រយោជន៍សំខាន់ៗរួមមាន ទី១.ការទទួលបានសេវាពិនិត្យពិគ្រោះយោបល់ ព្យាបាល និងថែទាំ។ ទី២.ការទទួលបានប្រាក់បំណាច់មាតុភាព។ និងទី៣.ការទទួលបានប្រាក់វិភាជន៍បូជាសព។
បន្ថែមពីនេះសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់អាចពិនិត្យពិគ្រោះយោបល់ និងព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យជាដៃគូ ប.ស.ស. ទូទាំងប្រទេសដោយឥតគិតថ្លៃ៕