កំពង់ស្ពឺ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ឌីណា បានជម្រុញឱ្យកសិករបង្កើនការផលិតពួជស្រូវសែនក្រអូបនិងពួជស្រូវផ្កាម្លិះដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅប្រទេស គ្រាដែលពួជស្រូវនេះកំពុងទទួលបានចាប់អារម្មណ៍និងមានតម្លៃខ្ពស់។ នាឱកាសនេះក៏បានធ្វើឡើងគ្រាដែលដឹកនាំប្រតិភូក្រសួងចុះពិនិត្យខ្សែសង្វាកផលិតកម្មរោងម៉ាស៊ីនកិនស្រូវអប្សរារ៉ាយ និងរោងម៉ាស៊ីនកិនស្រូវ ព្រីម្លិះ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ដែលដំណើរទស្សនកិច្ចនោះក៏បានចូលរួមពី លោក ហែម វណ្ណឌី រដ្ឋមន្ត្រីឧស្សាហកម្ម លោកស្រីចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
លោក ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា អង្ករផ្កាម្លិះរបស់កម្ពុជាបានជាប់ជ័យលាភីលំដាប់ថ្នាក់ពិភពលោកក្នុងការប្រគួតប្រជែងវេទិកាស្រូវ-អង្ករពិភពលោក៥លើកមកហើយ។ជ័យលាភីនេះគឺដោយសារតែអង្ករកម្ពុជាមានរូបសម្បត្តិប្រវែងគ្រាប់អង្ករល្អស្មើគ្នាពណ៌សភ្លឺរលោងស្អាត ការតុបតែងវេចខ្ចប់អង្ករមានលក្ខណៈទាក់ទាញ ក្រោយចម្អិន បាយមានភាពទន់ល្អក្លិនក្រអូបប្រហើរនិងមានឱជារសឆ្ងាញ់។
ទន្ទឹមនេះរដ្ឋមន្ត្រីកសិកម្មក៏បានគូសបញ្ជាក់បន្ថែមថា ពូជស្រូវសែនក្រអូបក៏ជាពួជស្រូវមួយប្រភេទរបស់កម្ពុជាដែលកំពុងទទួលបានការចាប់អារម្មខ្លាំងផងដែរ ប៉ុន្តែកសិករហាក់មិនសូវបានធ្វើការដាំដុះនោះទេ ដោយសារតែចំណាយពេលវេលាវែងនិងហុចផលមិនសាកសម។
បច្ចុប្បន្នកសិករនិយមដាំដុះស្រូវចំរុះដែលចំណាយពេលវេលាខ្លី ហើយទទួលបានទិន្នផលល្អ រីឯតម្លៃក៏មិនលើសគ្នាប៉ុន្មានពីស្រូវសែនក្រអូបនេះដែរ។
លើកឡើងក្នុងឱកាសចុះសិក្សាស្វែងយល់ពីសង្វាក់ផលិតកម្មស្រូវអង្ករនោះដែរ លោក ឌិត ឌីណា ក៏បានជម្រុញទៅដល់ម្ចាស់សង្វាក់ផលិតកម្មឱ្យបង្កើនតម្លៃទីផ្សារស្រូវសែនក្រអូបឱ្យបានខ្ពស់បន្ថែមទៀត ដើម្បីឱ្យកសិករមានទឹកចិត្តក្នុងការពង្រីកការផលិតឱ្យបានច្រើនសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារស្រូវអង្ករ ពិសេសសម្រាប់ការផលិតនាំចេញទៅលក់លើទីផ្សារពិភពលោក។
លោក ក៏បានបញ្ជាក់បន្ថែមជាគោលនយោបាយរបស់ក្រសួងគឺចង់ជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ សែនក្រអូប និងផ្ការំដួលដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ។ហើយការកសាងបណ្តាញពូជស្រូវសុទ្ធ ពិសេសពូជស្រូវសែនក្រអូបនិងផ្ការំដួលដែលមានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវនិងមានខ្សែច្រវាក់ទីផ្សារល្អ។លើសពីនេះ ត្រូវកសាងទំនុកចិត្តគ្នាទៅវិញទៅមក និងត្រូវអនុវត្តផលិតកម្មតាមផែនការនិងកិច្ចសន្យា ដើម្បីធានានូវស្ថិរភាពនៃការផ្គត់ផ្គង់និងមានតម្លៃល្អ។
លោក មរដ្ឋមន្រ្តីក៏បានជំរុញឱ្យកសិករផលិតស្រូវពូជ ត្រូវយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូបនិងផ្ការំដួលដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនិងការប្រើប្រាស់។
សហគមន៍កសិកម្ម ត្រូវធ្វើការផ្សព្វផ្សាយចលនាពូជសុទ្ធនិងជំរុញការប្រើប្រាស់ពូជសុទ្ធឱ្យកាន់តែធំទូលាយ ទាំងអ្នកប្រើស្រូវចំណី ដើម្បីពង្រីកឱ្យធំ ព្រោះមានទីផ្សារពូជស្រូវល្អនិងតម្លៃល្អ៕
ដោយ៖សុខ សុភ័ណ្ឌ រូបថត មន្ទីរព័ត៌មាន