ព័ត៌មានជាតិ

កម្ពុជារង់ចាំការអនុម័តលើ «សេចក្ដីប្រកាសអាស៊ានស្ដីពីការពង្រឹងសេដ្ឋកិច្ច ដែលគិតគូរពីសុខុមាលភាព និងភាពធន់ឆ្ពោះទៅរកសហគមន៍អាស៊ានក្រោយ ឆ្នាំ២០២៥»

ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា សម្ដេចនឹងទន្ទឹងរង់ចាំការអនុម័តលើ «សេចក្ដីប្រកាសអាស៊ានស្ដីពី ការពង្រឹងសេដ្ឋកិច្ច ដែលគិតគូរពីសុខុមាលភាព និងភាពធន់ឆ្ពោះទៅរកសហគមន៍អាស៊ានក្រោយ ឆ្នាំ២០២៥» នាពេលខាងមុខនេះ។

នាឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី៣៖ ក្រោមប្រធានបទ «ការពង្រឹងសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព និងភាពធន់ ឆ្ពោះទៅសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥» នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ តាមប្រព័ន្ធវិដេអូ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្របខណ្ឌគ្រប់ជ្រុងជ្រោយអាស៊ានស្ដីពី «សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព» ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ហើយ សម្ដេច បញ្ជាក់ឡើងវិញនូវការគាំទ្ររបស់កម្ពុជា ចំពោះការបោះជំហានជាយុទ្ធសាស្ដ្រ នៅក្នុងទិសដៅដ៏ត្រឹមត្រូវ ពិតណាស់ គោលនយោបាយ នៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ យុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ គឺមានបេសកកម្ម និងគោលបំណងរួមគ្នាជាពិសេស លើកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្ដល់ការការពារសង្គម សម្រាប់យើងទាំងអស់គ្នា។

សម្ដេចធិបតី បន្ដថា ថ្មីៗនេះ អាស៊ាន ទើបតែបានដាក់ចេញនូវ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការគ្របដណ្ដប់ សុខភាពជាសកល ឆ្នាំ២០២៤-២០៣៥» កម្មវិធី និងគម្រោងមួយចំនួន ត្រូវបានដាក់ចេញ។

សម្ដេចធិបតី បន្ថែមថា បញ្ហានៃសេដ្ឋកិច្ច ដែលគិតគូរពីសុខុមាលភាព និងបញ្ហាប្រឈម គឺមានលក្ខណៈជារចនាសម្ព័ន្ធ ដែលទាមទារនូវអភិក្រមដោះស្រាយ គ្រប់ជ្រុងជ្រោយពីរដ្ឋាភិបាលនីមួយៗ ដោយមានការបំពេញបន្ថែម តាមរយៈសកម្មភាពសម្របសម្រួលរួម ពីសំណាក់ប្រទេសជាសមាជិកអាស៊ានទាំងអស់។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ប្រទេសកម្ពុជា ត្រៀមខ្លួនរួមជាស្រេច ក្នុងការរួមចំណែកប្រកបដោយអត្ថន័យ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ហើយខ្ញុំ នឹងទន្ទឹងរង់ចាំការអនុម័តលើ «សេចក្ដីប្រកាសអាស៊ានស្ដីពី ការពង្រឹងសេដ្ឋកិច្ច ដែលគិតគូរពីសុខុមាលភាព និងភាពធន់ឆ្ពោះទៅរកសហគមន៍អាស៊ានក្រោយ ឆ្នាំ២០២៤» នាពេលខាងមុខ»៕

To Top