ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ឱ្យកាន់តែច្បាស់ឡើងវិញ ជុំវិញសេចក្តីប្រកាសលេខ ៣៦០របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅថា សម្រាប់បងប្អូនអាជីវករដែលមានចំណូលដុល ក្រោម២៥០លានរៀល ដែលគិតជាខ្នាតមីក្រូ មិនមានកាតព្វកិច្ចបង់ពន្ធអ្វីទាំងអស់ ពោលគឺមិនចាំបាច់ចុះប៉ាតង់ និងប្រកាសពន្ធនោះទេ ។
នៅក្នុងសារពិសេសស្តីពី សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នារាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា “ដើម្បីកុំឱ្យមានការយល់ច្រឡំ ខ្ញុំបានផ្តល់គោលការណ៍ឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការនិរាករណ៍ នូវប្រកាសនេះ (ប្រកាសលេខ៣៦០) ហើយពិភាក្សាគ្នាជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ ថាតើយើងមានវិធីសាស្ត្រណា ដើម្បីអាចឱ្យបងប្អូន នៅក្នុងវិស័យក្រៅប្រព័ន្ធ អាចចូលរួមនៅក្នុងការទទួលផល នៃកម្មវិធីនយោបាយដែលយើងបានដាក់ចេញ ជូនទៅគាត់ ព្រោះជាទូទៅទាល់តែយើង អាចកំណត់បានអត្តសញ្ញាណ ទើបយើងអាចជួយត្រូវ ហើយអាចជួយចំគោលដៅតែម្តង” ។
ក្នុងនោះសម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា “ចឹងកុំឱ្យមានការមន្ទិលសង្ស័យ មានការភ័យបារម្ភ ឬមួយក៏មានការយកទៅបកស្រាយផ្សេងៗ ដែលខុសន័យដើម នៃប្រកាសនេះ ដែលអាចនាំឱ្យយល់ច្រឡំ និងមានការភិតភ័យរបស់ប្រជាពលរដ្ឋ ជាពិសេសអាជីវករខ្នាតតូចនៅក្រៅប្រព័ន្ធ គឺនិរាករណ៍ចោលតែម្តង ហើយខ្ញុំសូមប្រកាសដោយខ្លីថា បងប្អូនអាជីវករដែលមានចំណូលដុល ក្រោម២៥០លានរៀល ដែលយើងគិតថាជាខ្នាតមីក្រូ មិនមានកាតព្វកិច្ចបង់ពន្ធអ្វីទាំងអស់ ពោលគឺមិនចាំបាច់ចុះប៉ាតង់ ហើយប្រកាសពន្ធអ្វីទេ ប្រកាសដោយខ្លីបែបនេះ” ។
សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ បានចេញប្រកាសលេខ៣៦០ ដែលមានខ្លឹមសារស្តីពីការណែនាំ អនុវត្តអនុក្រឹត្យ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយ និងត្រូវបាននិរាករណ៍ភ្លាមៗ នៅថ្ងៃទី២២សីហានេះ ក្រោយសម្តេចធិបតី នាយករដ្ឋមន្ត្រីបានថ្លែងសារបែបនេះ ៕