ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណ ចំពោះមន្ត្រី និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានបំពេញភារកិច្ច បានយ៉ាងល្អ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់រាជរដ្ឋាភិបាល ក្នុងការសម្រេច បានសមិទ្ធផលធំធេង សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យ ប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ។
សម្តេចធិបតី និងគណៈរដ្ឋមន្ត្រីទាំងមូល បានថ្លែងសាទរចំពោះសមិទ្ធផលធំធេងដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំដំបូង ជាពិសេសកម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច និងវិធានការ គន្លឹះ៥ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ។
សម្តេចធិបតី បានគូសបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាប់ផ្តើមក្នុងបរិបទនៃ ការវិវត្តអន្តរជាតិដ៏ស្មុគស្មាញ និងពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ ក៏កម្ពុជាបាននិងកំពុងបន្តដំណើរ ក្នុងគន្លង មួយប្រកបដោយភាពវិជ្ជមាន និងសម្រេចបានសមិទ្ធផល ជាច្រើនជូនប្រជាពលរដ្ឋ ។ ជាក់ស្តែង កម្ពុជារក្សាបាន នូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយក៏បានបន្តពង្រឹង និងពង្រីកទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ហើយថែមទាំងបានដំឡើងកម្រិត ទំនាក់ទំនងជាមួយបណ្តាប្រទេសមួយចំនួនថែមទៀត ដូចជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយជប៉ុន «ភាពជាដៃគូយុទ្ធសាស្ត្រ» ជាមួយថៃ និងកូរ៉េខាងត្បូង ។ ទន្ទឹមនឹងនោះ កម្ពុជាក៏បានឯកភាពជាមួយប្រទេសបារាំង ក្នុងការពង្រីកទំនាក់ទំនងបន្ថែមដើម្បីឈានទៅរកភាពជា «ដៃគូយុទ្ធសាស្ត្រ» នាពេលខាងមុខ ។
សម្តេចធិបតី បញ្ជាក់ថា ក្នុងវិស័យសេដ្ឋកិច្ចវិញ រាជរដ្ឋាភិបាលសម្រេចបានកំណើន ៥% ក្នុងឆ្នាំ២០២៣ និង ត្រូវបានព្យាករថានឹងកើនដល់ក្នុងរង្វង់ ៦% ក្នុងឆ្នាំ២០២៤នេះ។ ចំណែកឯគម្រោងហេដ្ឋារចនាសម្ព័ន្ធ និង គមនាគមន៍ធំៗ ដូចជា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពង់ផែពហុបំណងកំពត ត្រូវបានសាងសង់ រួចរាល់ខណៈដែលគម្រោងធំៗមួយចំនួនទៀតកំពុងសាងសង់ដូចជា ព្រែកជីកហ្វូណនតេជោ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ជាដើម។ សម្តេចធិបតី សង្កត់ធ្ងន់ថា «សមិទ្ធផល ទាំងនេះសបញ្ជាក់ថា រាជរដ្ឋាភិបាលដើរលើគន្លងដ៏វិជ្ជមាន»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះមន្ត្រី អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលបាន បំពេញភារកិច្ចបានយ៉ាងល្អ ដើម្បីបង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានសមិទ្ធផលធំធេង សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋ។
ទោះជាយ៉ាងនេះក្តី ប្រមុខរាជរដ្ឋាភិបាល បានគូសរំលេចថា «យើងនៅមាន កិច្ចការជាច្រើនទៀត ដែលត្រូវបំពេញ នាពេលខាងមុខដើម្បីសម្រេច ឧត្តមប្រយោជន៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ»៕