ភ្នំពេញ៖ លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា យុវជននៃកម្ពុជា-ចិន ជាកម្លាំងយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នៃចំណងមិត្តភាព រវាងចិន និងកម្ពុជា ។
ការថ្លែងរបស់លោកឯកអគ្គរដ្ឋទូចិនខាងលើនេះ ក្នុងឱកាសអញ្ជើញអបអរសាទរឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ និងជូនដំណើរនិស្សិតអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសចិន នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាព លោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រោមការរៀបចំដោយ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណៈរដ្ឋប្រជាមានិតចិន ។
ក្នុងឱកាសនេះ លោក វ៉ាង វិនពិន បានលើកឡើងថា “សម្រាប់ទំនាក់ទំនងរវាងកម្ពុជា ចិន គឺផ្អែកលើប្រជាជន ហើយអនាគតចំណងមិត្តភាពរវាងកម្ពុជា និងចិន គឺផ្អែកលើយុវជន ។ យុវជននៃកម្ពុជា ចិន ជាកម្លាំងយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នៃចំណងមិត្តភាព រវាងចិន និងកម្ពុជា” ។
បើទោះបីទើបតែមានរយៈពេលខ្លី សម្រាប់លោកឯកអគ្គរដ្ឋទូត នៅកម្ពុជា ប៉ុន្តែលោកទូតបានអះអាងថា បានជួបជាមួយយុវជនកម្ពុជាជាច្រើន និងបានចាប់អារម្មណ៍យ៉ាងជ្រាជ្រៅ ទៅនឹងភាពរស់វើករបស់យុវជនកម្ពុជា និងភាពកក់ក្តៅជាមួយយុវជនកម្ពុជា ដែលធ្វើឱ្យលោក វ៉ាង វិនពិន មានជំនឿទុកចិត្តកាន់តែរឹងមាំ ចំពោះអនាគតចិននិងកម្ពុជា ។
លោកទូត បានលើកឡើងថា “យើងគាំទ្រយុវជននៃប្រទេសយើងទាំងពីរ និងផ្លាស់ប្តូរកាន់តែល្អ កាន់តែញ៉ឹកញ៉ាប់ ដូចជាគ្រួសារតែមួយ ។ បច្ចុប្បន្នេះ សិស្សានុសិស្សកម្ពុជា បានទៅសិក្សានៅប្រទេសចិន ហួសពី១២០០នាក់ ហើយយើងស្វាគមន៍សិស្សានុសិស្សកាន់តែច្រើន ទៅសិក្សារៀននៅប្រទេសចិន នៅពេលបញ្ចប់ការសិក្សា និងត្រឡប់មកវិញ ដើម្បីបម្រើនូវមាតុភូមិរបស់ខ្លួន ហើយនិងក្លាយទៅជាអ្នករក្សាចំណងមិត្តភាពរវាងចិននិងកម្ពុជា” ។
ឆ្លៀតក្នុងឱកាសនេះ លោកលោកបណ្ឌិត ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានគាំទ្រ ជួយសាងសងគ្រឹះស្ថានសិក្សា ក៏ដូចជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូរបស់កម្ពុជា ក្នុងការសម្របសម្រួលខ្លួនទៅនឹងការវិវត្តថ្មីៗ ។ ចិនបានគាំទ្រដល់សាងសង់អាគារសិក្សា និងកម្មវិធីបណ្តុះបណ្តាលដល់កម្ពុជា និងគោលដៅលើកកម្ពស់គុណភាពការអប់រំ ។
តាមរយៈលោក អ៊ុំ វុទ្ធធី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ស.ន.ក.ច បានឱ្យដឹងក្នុងឱកាសនេះថា មកដល់នឹងពេលនេះ មានរយៈពេល១២ឆ្នាំមកហើយ ដែលសមាគមនិស្សិតកម្ពុជា ប្រចាំប្រទេសចិន បានជួយទៅដល់សិស្សានុសិស្សចំនួន ១២០០នាក់ ទៅសិក្សានៅប្រទេសចិន (២៦ខេត្តនិងក្រុង) ។ ក្នុងនេះដែរ ក្នុងចំណោមសិស្ស-និស្សិតចំនួន១៧៤នាក់ នៅក្នុងកម្មវិធីនេះ មានចំនួន ១៤៨នាក់ ដែលទទួលបានអាហារូបករណ៍ ចេញទៅសិក្សានៅប្រទេសចិន ក្នុងពេលដ៏ខ្លីខាងមុខ៕