ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ស្លៀកពាក់ ខោ អាវ ល្អ មិនប្រាកដថា «រៀនពូកែ ឥរិយាបថល្អ នោះទេ»

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថា ស្លៀក​ពាក់ ខោ អាវ ល្អ មិនប្រាកដថា រៀនពូកែ ឥរិយាបថល្អ នោះទេ ហើយអ្នកខ្លះមានថវិកាច្រើនពី ឪពុក-ម្ដាយ ប៉ុន្ដែមិនរៀន និងមានអាកប្បកិរិយាមិនល្អ។

នាឱកាសអញ្ជើញចុះពិនិត្យសាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រៀនជាគោលសំខាន់ គឺកសាងធនធានមនុស្ស ឱ្យទៅជាមនុស្សល្អ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចធិបតី គូសបញ្ជាក់ថា «ការអប់រំ គឺសំដៅទៅលើកសាងមូលដ្ឋានក្នុងខ្លួន ចំណេះដឹង ហើយឥរិយាបថ ខោ អាវ មិនចាំបាច់ទាល់តែមានលទ្ធភាពទិញ ខោ អាវ កីឡាដូចគេ ដូចឯង នោះទេ។ ពាក់ ខោ អាវ ល្អ មិនប្រាកដថា រៀនពូកែ ហើយឥរិយាបថល្អ នោះទេ ។ អ្នកខ្លះមានលុយពី ឪពុក-ម្ដាយ ច្រើន ប៉ុន្ដែអត់រៀន អាកប្បកិរិយាមិនល្អ។ យើងរៀនគោលសំខាន់ គឺកសាងធនធានមនុស្ស ឱ្យទៅជាមនុស្សល្អ ពាក់ ខោ អាវ អី នៅតែសំខាន់»។

ពាក់ព័ន្ធទៅនឹង ខោ អាវ នេះដែរ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានលើកឡើងកាលពី សម្ដេច នៅកងទ័ព សម្ដេច តែងតែជំរុញ ឯកសណ្ឋានរបស់ខ្មែរ ខណៈអ្នកខ្លះលើកឡើងថា «ឯកសណ្ឋានអាមេរិក ឬអង់គ្លេស ល្អ»។ សម្ដេច តបវិញថា «វាអត់សំខាន់ទេ ឯកសណ្ឋានរបស់កម្ពុជា ទោះបីជាមិនដូច អាមេរិក ឬអង់គ្លេស ក៏ដោយ ប៉ុន្ដែយើងឯកភាពគ្នា ព្រោះជារបស់ជាតិយើង គឺយើងសប្បាយរីករាយណាស់»។ សម្ដេច បន្ដថា អ្វីដែលសំខាន់នោះ គឺផ្នត់គំនិត៕

To Top