ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល ណែនាំឱ្យពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងការឆ្លងរាលដាលជំងឺ នៅតាមច្រកចេញចូលប្រទេស

ភ្នំពេញ ៖ លោក ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំឱ្យអភិបាលខេត្តជាប់ពំ្រដែន ពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងការឆ្លងរាលដាលជំងឺ នៅតាមច្រកចេញចូលប្រទេស។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ សីហា លោករដ្ឋមន្ដ្រី ឈាង រ៉ា បានឱ្យដឹងថា បច្ចុប្បន្នមានការផ្ទុះឡើងនៃជំងឺអ៊ីមផក (Mpox) ដែលអង្គការសុខភាពពិភពលោក បានប្រកាសជាគ្រោះអាសន្ន សុខភាពសាធារណៈគួរឱ្យព្រួយបារម្ភជាអន្តរជាតិ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

លោករដ្ឋមន្ដ្រី បន្ដថា ជាមួយគ្នានេះ ក៏មានការរីករាលដាលជំងឺផ្តាសាយបក្សី (H5N1) ដែលឆ្លងពីសត្វទៅមនុស្ស និងជំងឺអង់ត្រាក់ (Anthrax) ដែលមាននៅក្នុងតំបន់ និងប្រទេសជិតខាង។ យោងតាមប្រព័ន្ធតាមដាន និងត្រួតពិនិត្យជំងឺ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបង្ហាញថា រហូតមកដល់ពេលនេះ នៅប្រទេសកម្ពុជា មានជំងឺ ផ្តាសាយបក្សី (H5N1) ចំនួន ៧២ករណី (ស្លាប់ ៤៣ករណី) និងជំងឺអឹមផក (Mpox) ចំនួន ២០ករណី (គ្មានករណីស្លាប់)។

លោករដ្ឋមន្ដ្រី បន្ថែមថា ក្នុងបរិការណ៍នេះ អភិបាលខេត្តជាប់ព្រំដែន យកចិត្តទុកដាក់ក្នុងការតាមដាន និង ទប់ស្កាត់ជំងឺឆ្លងដែលអាច នាំចូលពីបណ្តាប្រទេសនានា ដោយពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ និង ឆ្លើយតបការឆ្លងរាលដាលជំងឺ នៅតាមច្រកចេញចូលប្រទេស ដើម្បីការពារសុខភាពជូនប្រជាជនកម្ពុជា ស្របតាមគោលនយោបាយជាអាទិភាព របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។

លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ ពង្រឹងការងារតាមដាន និងទប់ស្កាត់ ជំងឺឆ្លងនៅតាមច្រកចេញចូលប្រទេស ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដោយរៀបចំចាត់ចែងមន្ត្រីចត្តាឡីស័ក ប្រចាំការនៅស្នាក់ការត្រួតពិនិត្យ ច្រកចេញចូលប្រទេសឱ្យ ស្របតាមវិធានការសុខាភិបាល លិខិតបទដ្ឋានគតិយុត្ត ច្បាប់ជាតិ និងបទបញ្ញត្តិអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់»៕

To Top