ព័ត៌មានជាតិ

សម្ដេចធិបតី មិនចង់ឃើញកូនខ្មែរ រៀននៅស្រុកខ្មែរ ហៅ ឪពុកម្ដាយដោយប្រើពាក្យអសុរោះឡើយ

ភ្នំពេញ ៖ ចំពោះមុខ អាណាព្យាបាល និងសិស្សានុសិស្ស នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មិនចង់ឃើញកូនខ្មែរ រៀននៅស្រុកខ្មែរ ហៅ ឪពុកម្ដាយ ដោយប្រើនូវពាក្យអសុរោះឡើយ។

ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីមានកូនខ្មែរ មួយចំនួនរៀននៅបរទេស ហៅ ឪពុកម្ដាយរបស់ ខ្លួន នូវពាក្យអសុរោះ។

នាឱកាសអញ្ជើញចុះពិនិត្យមើល សាលារៀនមួយកន្លែង នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ខ្ញុំ មិនចង់ឃើញកូនខ្មែរ រៀននៅស្រុកខ្មែរ ហៅ ឪពុកម្ដាយ ហៅអី ហៅល្ងីល្ងើ អត់បានទេ រឿងនេះ ខ្ញុំបានឃើញកូនខ្មែរ នៅអាមេរិក។ ខ្ញុំមិនចង់ឱ្យឃើញកូនខ្មែរ នៅស្រុកខ្មែរ ហ៊ាន ទោះបីជា ឪពុកម្ដាយ របៀបរបបគាត់មិនចេះអង់គ្លេសក៏ដោយ មិនអាចកូនខ្មែរ ហាមាត់ ហៅ ឪពុកម្ដាយ បែបនេះ( ល្ងីល្ងើ) យើងត្រូវអប់រំគាត់​”។

សម្ដេចធិបតី បន្ដថា ទោះបី មានការវិវត្តន៍ចំណេះដឹងយ៉ាងណាក៏ដោយ ត្រូវមានអត្តសញ្ញាជាតិខ្មែរ។ សម្ដេច រំលឹកថា កាល សម្ដេច រស់នៅអាមេរិក ឬនៅអង់គ្លេស កូនខ្មែរមួយចំនួន កើតនៅបរទេសទាំងនោះ មានវប្បធម៌បរទេស ចេញមក ជេរ ឪពុកម្ដាយ របស់ខ្លួន។ ព្រោះថា ឪពុកម្ដាយ រស់នៅបរទេស របៀបរបបរបស់ពួកគាត់ គឺខ្មែរ ដូច្នេះក្មេងចេញមកឥរិយាបថ វប្បធម៌ បរទេស។

សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូត្រូវអប់រំកូនសិស្ស ស្គាល់អត្តសញ្ញាជាតិខ្មែរ ព្រោះគ្រូមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្ដុះបណ្ដាលកូនសិស្ស។ សម្ដេច បានគូសបញ្ជាក់ថា កម្លាំងចិត្តជួយគ្នា ដើម្បីប្រៀនប្រដៅ និងអប់រំកូនសិស្ស គឺធំធេងខ្លាំងណាស់ កូនរៀនពូកែហើយ តែក៏ត្រូវតែមានអត្តចរិតល្អផង គោរព ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងចាស់ព្រឹទ្ធាចារ្យ គឺជាកត្តាចាំបាច់បំផុត៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top