ភ្នំពេញ៖ ប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងរស់នៅ សិក្សា និងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ បានចេញមុខគាំទ្រ និងអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលបានបន្តសេវាផ្ដល់លិខិតឆ្លងដែនចំនួន ៦០ថ្ងៃទៀតចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក សួង សុភាព ជាប្រជាពលរដ្ឋកំពុងរស់នៅសាធារណរដ្ឋកូរ៉េ និងមិត្តភក្ដិរបស់លោកដែលមកទទួលលិខិតឆ្លងថ្មីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងស្ថានឯកអគ្គរាជទូតកម្ពុជាដែលបានជួយសម្រួលលិខិតឆ្លងដែនថ្មីសម្រាប់ពួកគាត់បានទាន់ពេលវេលា។

លោកបន្តថា មន្រ្តីដែលបម្រើសេវាធ្វើលិខិតឆ្លងដែនបានយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលធ្វើលិខិតឆ្លងដែនជូនពួកគាត់។ មន្រ្តីជំនាញដែលប្រចាំការនៅទីនោះពិតជាមានក្រមសីលធម៌ និងវិជ្ជាជីវៈល្អដែលតែងតែផ្ដល់ការណែនាំដល់ប្រជាពលរដ្ឋ និងពលករដែលមកស្វែងរកសេវាធ្វើលិខិតឆ្លងដែននៅស្ថានទូត។

លោកបញ្ជាក់ថា៖ «ក្នុងនាមពួកខ្ញុំដែលបានទទួលលិខិតឆ្លងដែននៅទីនេះ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋ និងពលករដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ព្រោះពួកខ្ញុំចំណាយថវិកាអស់តិច ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីធ្វើលិខិតឆ្លងដែនថ្មីនេះ»។
អ្នកស្រី ម៉ុក សាវ៉េត ជាពលករខ្មែរដែលធ្វើការងារនៅប្រទេសកូរ៉េ ដែលបានទៅទទួលលិខិតឆ្លងដែនថ្មីនៅស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េបានថ្លែងថា អ្នកស្រីមានសេចក្ដីសោមនស្សរីករាយក្នុងការធ្វើលិខិតឆ្លងដែនថ្មីនេះ ដោយសារអ្នកស្រីចំណាយថវិកាអស់តិច និងមិនពិបាកធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា។
អ្នកស្រីបន្តថា៖ «សូមអរគុណដល់រាជរដ្ឋាភិបាលដែលបានជួយគិតគូរដល់ពលករនៅស្រុកកូរ៉េ។ ខ្ញុំសូមអំពាវនាវដល់ពលករផ្សេងទៀតដែលមិនទាន់បានធ្វើលិខិតឆ្លងដែន សូមប្រញាប់មកស្នើសុំ ដោយសារស្ថានទូតខ្មែរយើងបានបើកធ្វើលិខិតឆ្លងដែរនៅវគ្គទី៣ហើយ» ។
ចំណែកលោក ឃឹម សារុម ជាប្រជាពលរដ្ឋខ្មែរដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េ ក៏បានទៅស្នើសុំធ្វើលិខិតឆ្លងដែនថ្មីនៅឯស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េផងដែរ ដោយសារលិខិតឆ្លងដែនរបស់លោកជិតផុតសុពលភាព។
លោកលើកឡើងថា លោកមានភាពកក់ក្តៅក្នុងការស្នើសុំធ្វើលិខិតឆ្លងដែនថ្មីនេះ ដោយសារក្រុមការងារផ្តល់សេវាលិខិតឆ្លងដែននៅស្ថានទូតបានទទួលស្វាគមន៍លោកដោយភាពកក់ក្តៅ និងមានភាពរួសរាយ រាក់ទាក់។
លោកបានថ្លែងថា៖ «ខ្ញុំសូមអរគុណដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានជួយសម្រាលបន្ទុកពលករដែលរស់នៅ និងធ្វើការនៅប្រទេសកូរ៉េបានច្រើន។ ខ្ញុំសប្បាយរីករាយជាខ្លាំង ដោយមានឱកាសធ្វើលិខិតឆ្លងដែនថ្មីនៅស្ថានទូត ដោយមិនចាំបាច់ទៅធ្វើនៅប្រទេសកម្ពុជា»។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបន្តសេវាផ្ដល់លិខិតឆ្លងដែនជូនពលរដ្ឋនិងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចំនួន ៦០ថ្ងៃទៀត គិតចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ (ចាប់ពីថ្ងៃទីពុធ ដល់ថ្ងៃអាទិត្យ ជារៀងរាល់សប្ដាហ៍)។

ការអនុវត្តនូវការបន្តសេវាផ្ដល់លិខិតឆ្លងដែនជូនពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េនេះ គឺស្របតាមគោលការណ៍សម្រេចពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈការថ្លែងសារពិសេសនាថ្ងៃទី២២ ខែសីហា។
គួរជម្រាបថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានចេញសេចក្តីជូនដំណឹងថា ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជានៅសាធារណរដ្ឋកូរ៉េ នឹងត្រូវបិទបញ្ចប់ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤តទៅ។ អ្នកដែលមានបំណងស្នើសុំបន្ទាប់ពីការបិទបញ្ចប់នេះ សាមីខ្លួនត្រូវទៅស្នើសុំដោយផ្ទាល់នៅប្រទេសកម្ពុជា។


ប៉ុន្តែដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងបម្រើការនៅសាធារណរដ្ឋកូរ៉េនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសអនុញ្ញាតឱ្យបន្តការស្នើសុំសេវាលិខិតឆ្លងដែនធម្មតានៅសាធារណរដ្ឋកូរ៉េវគ្គ៣ ចំនួន៦០ថ្ងៃទៀត ដែលនឹងបន្តរហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤៕
