នៅថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៤នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ នីហរ័ណចិន(EXIMBANK) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។



សូមជម្រាបថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតត្រូវប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៧។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១ សាងសង់ទំនប់សរុបប្រវែង ២៦៨០ម៉ែត្រ ក្នុងនោះទំនប់ដីខាងឆ្វេងប្រវែង ១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១១៨៨ម៉ែត្រ និងទី២)សាងសង់ផ្លូវចូលទីតាំងទំនប់សរុបប្រវែង ១៦,៦គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ក្នុងនោះសង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងឆ្វេងប្រវែង ៣,១គីឡូម៉ែត្រ ពង្រីកផ្លូវចូលទំនប់ប្រវែង ១០,៥គីឡូម៉ែត្រ និងសង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងស្តាំប្រវែង ៣គីឡូម៉ែត្រ។


លោករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ការអភិវឌ្ឍអាងទឹកដងកាំបិត ក្នុងភូមិសាស្ត្រខេត្តកំពង់ធំនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងទឹក និងបញ្ជាទឹក ដើម្បីធានានូវសន្ដិសុខសុវត្ថិភាពទឹក និងធានាការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម ព្រមទាំងជួយបង្កើនផលិតភាពកសិកម្ម។

ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីបានមានប្រសាសន៍សង្កត់ធ្ងន់ថា គម្រោងនេះក៏នឹងធានាដល់ការប្រើប្រាស់សម្រាប់ពហុវិស័យ ជាពិសសការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងផ្នែកឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ដែលជាផ្នែកមួយជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើដល់ក្រុមការងារសាងសង់សូមបន្តយកចិត្តទុកដាក់លើគុណភាព បទដ្ឋានបច្ចេកទេស និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមការគ្រោងទុក ព្រមទាំងបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់សូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានាការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ការងារដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ និងការប្រើប្រាស់ប្រចាំថ្ងៃ។


សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងសម្រេចបានប្រមាណ ៤១,៨១%។ ក្រោយការសាងសង់រួចគម្រោងនេះមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលនៅផ្នែកខាងក្រោមបានប្រមាណ ១៣១ ៣២៣ហិកតា និងបង្កើនទិន្នផលស្រូវពី ៤តោន ទៅ៥,៤តោន ក្នុងមួយហិកតា ដល់ប្រជាកសិករចំនួន ២៥ ០០០គ្រួសារ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ៕
