មណ្ឌលគិរី ៖ លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានដើមកំណើត ជាជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី បានលើកឡើងថា កិច្ចសហប្រតិបត្តិការ CLV គឺជាការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការផ្លាស់ប្តូរមុខមាត់ខេត្តមណ្ឌលគិរី ពីគ្មានអ្វីសោះរហូតដល់ មានការអភិវឌ្ឍ លើគ្រប់វិស័យ មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីនោះទេ ប៉ុន្តែជាការធ្វើឱ្យប្រជាពលរដ្ឋ រស់នៅប្រកបដោយភាពសុខសាន្ត ។
រស់នៅក្នុងខេត្តមណ្ឌលគិរី ជាង៤០ឆ្នាំ លោក ណយ ច័ន្ទតារា ថាមិនដែលឃើញ ប្រទេសវៀតណាម ឬក៏ប្រជាជនវៀតណាម មកបំពានរំលោភសិទ្ធិ ប្រជាពលរដ្ឋរស់នៅ ក្នុងខេត្តមណ្ឌលគិរីនេះទេ កិច្ចសហប្រតិបត្តិការ រវាងប្រទេសនិងប្រទេសមានភាពល្អប្រសើរ ព្រោះមានការចងក្រងដោយច្បាប់ មានច្បាប់ជាតិ និងអន្តរជាតិ ។
លោកថ្លែងថា ៖ «ខ្ញុំសូមប្រឆាំងដាច់ខាត ចំពោះគំនិតនិងការយល់ឃើញ របស់ជនអគតិមួយចំនួន ដែលថាកិច្ចសហប្រតិបត្តិការ CLV កម្ពុជា ឡាវ វៀតណាមនេះធ្វើឱ្យបាត់បង់ទឹកដី ព្រោះជាសក្ខីភាព ខ្ញុំជាសាក្សី រស់នៅខេត្តមណ្ឌលគិរីនេះ ជាង៤០ឆ្នាំហើយ»។
លោកបញ្ជាក់ថា អ្វីដែលលោកមើលឃើញ ក្នុងរយៈពេល៤០ឆ្នាំមកនេះគឺ ក្នុងខេត្តមណ្ឌលគិរី ពេលមិនទាន់មានកិច្ចសហប្រតិបត្តិការ CLV ខេត្តគ្មានការអភិវឌ្ឍគ្មានផ្លូវ គ្មានភ្លើង គ្មានទឹក គ្មានសាលារៀន ប៉ុន្តែរហូតមកដល់ពេលនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យខេត្តមណ្ឌលគិរី មានផ្លូវ មានទឹក មានភ្លើង មានសាលារៀន មានមណ្ឌលសុខភាព ដែលធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការរស់នៅ។
លោកបន្តថា អ្វីដែលពិសេស គឺកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្ត ជាប់ព្រំដែន មានការដោះដូរទំនិញសេដ្ឋកិច្ច ក៏ដូចជាបទពិសោធន៍ ទៅលើវិស័យកសិកម្ម ក៏ដូចជាឧស្សាហកម្ម មានទំនិញនាំចេញ និងនាំចូល ហើយអ្វីល្អប្រសើរជាងនេះគឺទំនាក់ទំនងល្អរវាងប្រទេស និងប្រទេស ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ។
លោកនិយាយថា៖«ការចូលក្នុងកិច្ចសហប្រតិបត្តិការ CLV នេះមិនធ្វើឱ្យបាត់បង់ទឹកដីទេ ដោយសារយើងមានបង្គោលព្រំដែនច្បាស់លាស់ ហើយបច្ចុប្បន្ននេះថ្នាក់ដឹកនាំ ក៏កំពុងតែបន្តសកម្មភាពតាមរយៈការកសាងផ្លូវតាមបន្ទាត់ព្រំដែន និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋរស់នៅទីនេះនូវ ទឹក ភ្លើង ផ្លូវ គឺជាក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋ»។
បច្ចុប្បន្នខេត្តមណ្ឌលគិរី មានការរីកចម្រើនស្ទើតែគ្រប់វិស័យ ក្នុងនោះក៏មានវិស័យទេសចរណ៍ ដែលមានភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ខណៈខេត្តមានតំបន់ទេស ចរណ៍ធម្មជាតិ និងទេសចរណ៍វប្បធម៌ផងដែរ៕