ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា៖ សុខទុក្ខរបស់ប្រជាពលរដ្ឋ ជានិច្ចជាកាល ជាក្តីកង្វល់របស់រាជរដ្ឋាភិបាល

រូបភាព៖ ឯកឧត្តម នេត្រ ភក្ត្រា

ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ រួមសហការជាមួយអាជ្ញាធរក្រុង សង្កាត់ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃ មកពីគ្រប់មជ្ឈដ្ឋានបានចំនួនជាង ៥០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នេះនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

នេះជាកិច្ចបើកដំណើរការជាផ្លូវការ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះ ដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ នឹងបន្តបេសកកម្មចុះជួយពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុងស្រុកផ្សេងទៀត របស់ខេត្តក្រចេះ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ។ ការផ្តល់សេវាព្យាបាលជំងឺដោយឥតគិតថ្លៃ នៅពេលនេះជាការយកចិត្តទុកដាក់ខ្ពស់ របស់ក្រុមការងារចំពោះសុខភាពប្រជាពលរដ្ឋ នៅក្នុងខេត្តក្រចេះ។

«សុខទុក្ខរបស់ប្រជាពលរដ្ឋ ជានិច្ចជាកាលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចុះនូវវិធានការចាំបាច់នានា ដើម្បីដោះស្រាយកង្វល់ទាំងនេះ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះសុខុមាលភាពប្រជាពលរដ្ឋ ជាអាទិភាពមួយចំណោមកម្មវិធីគោលនយោបាយ អាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥ ដែលដាក់ចុះភ្លាមៗដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលឡើងដឹកនាំរាជរដ្ឋាភិបាល»។ នេះជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅក្រុងក្រចេះ ក្នុងឱកាសចូលរួមជាអធិបតីបើកកម្មវិធី ផ្តល់សេវាប្រឹក្សានិងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងក្រុងក្រចេះ ខេត្តក្រចេះ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ រួមសហការជាមួយអាជ្ញាធរក្រុង សង្កាត់ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃ មកពីគ្រប់មជ្ឈដ្ឋានបានចំនួនជាង ៥០០នាក់នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នេះនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោកវេជ្ជបណ្ឌិត សៅ សំបូរ តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានប្រគល់កៅអីដកធ្មេញចល័តចំនួន ២គ្រឿង ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។ ការពិនិត្យព្យាបាលបានចាប់ផ្តើមនៅវេលាម៉ោង៨: ៣០នាទី រហូតដល់ម៉ោង១២:០០នាទី ក្រោមបរិយាកាសស្និទ្ធស្នាល និងទិដ្ឋភាពសកម្មសស្រាក់សស្រាំ ទទួលបានលទ្ធផលដូចតទៅ៖ ពិនិត្យព្យាបាលជំងឺទូទៅបាន.១៩៧នាក់ ស្រី១២៧នាក់ ពិនិត្យព្យាបាលជំងឺកុមារបាន ៧០នាក់ ស្រី ៣៦នាក់ ពិគ្រោះនិងវះកាត់តូចបាន២១នាក់ ស្រី ៨នាក់ ពិនិត្យអេកូស្ត្រីផ្ទៃពោះ១១នាក់ ដកធ្មេញបាន ៦៥នាក់. ស្រី ៣៤នាក់ វាស់ភ្នែកចែកជូនវ៉ែនតាបាន ២០៣នាក់ ស្រី. ១២០នាក់។ សរុបរួម. ៥៦៧នាក់. ស្រី៣៣៦នាក់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមហ៊ុនឱសថ ម្ចាស់បរិក្ខាពេទ្យដែលបានចូលរួមឧបត្ថម្ភ ក្នុងសកម្មភាពមនុស្សធម៌នេះដើម្បីក្រុមការងារគ្រូពេទ្យស្មគ្រចិត្ត មានលទ្ធភាពពិនិត្យព្យាបាល។ លោកបានថ្លែងអំណរគុណ ចំពោះលោកវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន រួមនឹងក្រុមគ្រូពេទ្យស្មគ្រចិត្ត មន្ទីរសុខាភិបាលដែលបានខិតខំប្រឹងប្រឹងប្រែង ដើម្បីផ្តល់ការពិនិត្យនិងព្យាបាល ជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពេលនេះ៕

To Top