ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នឹងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នៅទីក្រុងម៉ានីល

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំ លើកទី៤ នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៨ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងម៉ានីល តបតាមការអញ្ជើញរបស់ លោក Enrique A. Manalo រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នៅថ្ងៃទី២៦ សីហា នេះបានឱ្យដឹងថា កិច្ចប្រជុំនេះ នឹងធ្វើការតាមដាន និងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង ដែលបានឯកភាព ក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហ ប្រតិបត្តិការទ្វេភាគី កាលពីឆ្នាំ ២០២១ និងដាក់ចេញផែនការ សកម្មភាពថ្មី ដើម្បីបន្តពង្រឹងទំនាក់ ទំនងដ៏យូរអង្វែង រវាងប្រទេសទាំងពីរ។រដ្ឋមន្ត្រីទាំងពីរ ក៏នឹងពិភាក្សាអំពីការវិវត្តក្នុងតំបន់ និង បញ្ហាអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួម ផងដែរ។

ក្នុងឱកាសទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយ លោក Ferdinand Romualdez Marcos Jr., ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និង អញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ដែលរៀបចំឡើងដោយ លោកស្រី Sara Duterte អនុប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន៕

To Top