ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃ២៦ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា យុទ្ធនាការបាញ់សម្លាប់មូស ដែលរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារ កងពលតូចង៧០ ចុះបាញ់ថ្នាំសម្លាប់មូស នៅតាមភូមិ សង្កាត់ ទាំង១០៥ នៃខណ្ឌទាំង១៤ និងតាមសហគមន៍ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែសីហា បានបញ្ចប់រួចរាល់ទាំងស្រុងហើយ ត្រឹមយប់ថ្ងៃទី២៥ ខែសីហា២០២៤នេះ ។

លោកប្រធានមន្ទីរបញ្ជាក់ទៀតថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគូរយ៉ាងខ្លាំងពីសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋ និង ដោយមានការចង្អុលបង្ហាញពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ចែងឱ្យមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិទាំង៧ សហការជាមួយ ក្រុមការងារកងពលតូច (ង៧០) ចុះធ្វើសកម្មភាពបាញ់ថ្នាំ សម្លាប់មូសទាំងថ្ងៃ ទាំងយប់ នៅក្នុងមូលដ្ឋានសង្កាត់ទាំង១០៥ ក្នុងខណ្ឌទាំង១៤និងតាមសហគមន៍នានា ហើយដោយមានការចូលរួម បង្ករលក្ខណៈងាយស្រួល ពីអាជ្ញាធរខណ្ឌនិងសង្កាត់ទាំងអស់ ធ្វើឱ្យដំណើរបាញ់ថ្នាំសម្លាប់មូស ទទួលបានលទ្ធផលល្អរួចមុនផែនការ។

គួរបញ្ជាក់ថា នាថ្ងៃបើកយុទ្ធការបាញ់ថ្នាំសម្លាប់មូស នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីថ្ងៃទី១៧សីហាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ចែងឲ្យមន្ទីរសុខាភិបាល រាជធានី និងការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិទាំង៧ សហការជាមួយកងទ័ពអង្គភាព ង៧០ និងរដ្ឋបាលខណ្ឌទាំង១៤ ចុះបាញ់ថ្នាំសម្លាប់មូស នៅតាមសង្កាត់ទាំង១០៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តាមការណែនាំពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ ទៅលើសុខមាលភាពប្រជាពលរដ្ឋ។

ដោយឡែកកាលពីល្ងាចថ្ងៃ២៣សីហា លោក ឃួង ស្រេង បានណែនាំបន្ថែម អោយប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ប្រើប្រាស់រថយន្តដឹកម៉ាស៊ីន បាញ់ថ្នាំសម្លាប់មូសខ្នាតធំ ឱ្យក្រុមការងារ បន្តចុះបាញ់ថ្នាំសម្លាប់មូសខ្លា នៅតំបន់និងទីតាំងសំខាន់ៗ ជាច្រើនកន្លែងបន្ថែមទៀត ពិសេសនៅភាគខាងជើង ភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានដូចជា នៅតំបន់អគ្គីសនីកម្ពុជាបឹងកក់ ស្ថិតក្នុងខណ្ឌទួលគោក ប្រឡាយអូបាក់ទូក ប្រឡាយអូវែង ប្រឡាយ១៩២៨ ដល់ទំនប់កប់ស្រូវ តំបន់សាកលវិទ្យាល័យអេស៊ីលីដា តំបន់ឡានទឹកនៃស្នងការនគរបាលរាជធានី ក្នុងខណ្ឌឬស្សីកែវ ប្រឡាយទួលសំពៅ និងប្រឡាយអូអាកុជនៅខណ្ឌសែនសុខជាដើម ៕













