ព័ត៌មានជាតិ

មីជាតិ បន្តឧបត្ថម្ភធំ ក្នុងព្រឹត្តិការណ៍ ជិះកង់ស្វែងរកថវិកា ជូនមន្ទីរពេទ្យកុមារអង្គរឆ្នាំទី១០

សៀមរាប ៖ មីជាតិ បានបន្តសហការ ជាមួយមន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មការជិះកង់ដើម្បីកម្ពុជា (CFC) រៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី១០ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ដែលបានធ្វើឡើង នៅទឹកដីដ៏ពិសិដ្ឋអច្ឆរិយៈអង្គរ ខេត្តសៀមរាប ។

មីជាតិ មានសេចក្តីសោមនស្សរីករាយ ក្នុងការរួមចំណែក ជាដៃគូឧបត្ថម្ភធំ គម្រប់ខួបទី១០ នៃព្រឹត្តិការណ៍ជិះកង់ ដើម្បីបរិច្ចាគនិងទ្រទ្រង់ ដល់ជេរភាព នៃមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងបេសកម្មផ្តល់សេវាព្យាបាល ដោយឥតគិតថ្លៃ ទៅកាន់កុមារកម្ពុជា រាប់លាននាក់។

ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៍ដ៏ធំជាងគេប្រចាំឆ្នាំនេះ តែងតែទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សប្បុរសជន និងមហាជនពិសេស ក្នុងឱកាសគម្រប់ខួប១០ឆ្នាំនេះ មានអ្នកចូលចិត្តកីឡា ជិះកង់ប្រមាណជាង ១.០០០នាក់ ពីគ្រប់ទិសទីបានរួមគ្នាក្នុងស្មារតី តែមួយប្រកបដោយក្តីករុណា ចូលរួមជិះកង់ និងបរិច្ចាគវិភាគទានជួយ ទៅដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ។

លោក សំកុល សុចិត្រា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ៖ «ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងាររៀបចំព្រឹត្តិការណ៍ជិះកង់រៃអង្គាសប្រាក់ប្រចាំឆ្នាំគាំទ្រ ដល់មន្ទីរពេទ្យកុមារអង្គរនេះ មួយវិញទៀត ការចូលរួមរបស់វិស័យឯកជន ពិតជាកម្លាំងចលករដ៏សំខាន់ តួយ៉ាងដូចមីជាតិ និង វីតាល់ ក៏ដូចជាអង្គភាពពាក់ព័ន្ធ ដែលចូលរួមជាចំណែក នៃកត្តាសំខាន់មិនអាចខ្វះបាន ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅរហូតដល់១០ឆ្នាំ ។»

លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានមានប្រសាសន៍ថា ៖ «មីជាតិពិតជាមោទនភាព ដែលបានរួមចំណែកជាដៃគូសហការរៀបចំ និងឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ នេះចំនួន៤ឆ្នាំ រួចមកហើយពិសេស ក្នុងឱកាសគម្រប់ខួប១០ឆ្នាំនេះតែម្តង ។​

លោកបានបន្តទៀតថា ក្រៅពីចូលរួមសហការរៀបចំ មីជាតិក៏បានចូលរួមបរិច្ចាគ ថវិកាចំនួន ៨០លានរៀល ដែលបានពីមូលនិធិខ្មែរដើម្បីខ្មែរ ដែលជាការចូល រួមបរិច្ចាគដោយផ្ទាល់ ពីអតិថិជនមីជាតិ តាមរយៈការជាវមីជាតិ គ្រប់ៗកញ្ចប់ ដើម្បីបានជាប្រយោជន៍ ដល់ការទ្រទ្រង់ដល់ដំណើរការ របស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ។»​

លោកវេជ្ជបណ្ឌិត ង៉ែត ពិសេស នាយករងមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ថា ៖ “មន្ទីរពេទ្យកុមារអង្គរ និងកុមារ ដែលបានសម្រាកព្យាបាល សូមសម្តែងនូវការដឹងគុណ និងកោតសរសើរយ៉ាងស្មោះ ជូនចំពោះសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ពិសេសក្រុមហ៊ុនមីជាតិ ដែលបានចូល រួមគាំទ្រ ជាដរាបដល់ការរៀបចំព្រឹត្តិការណ៍ សប្បុរសធម៍មួយនេះ និងបរិច្ចាគវិភាគទានជាច្រើនលានរៀល ចំនួន៤ឆ្នាំជាប់ៗគ្នា ដែលនេះសបញ្ជាក់ឱ្យឃើញ ពីការរួបរួមគ្នាជួយ ដល់ប្រជាជនកម្ពុជា ជាពិសេសការជួយលើកស្ទួយ ដល់សុខុមាលភាពកុមារ ឲ្យកាន់តែប្រសើរឡើង ព្រោះពួកគេ គឺជាអនាគតដ៏ភ្លឺស្វាង របស់កម្ពុជា” ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ ជិះកង់ ដើម្បីបរិស្ថាន និងសុខភាពកុមារ នេះមិនត្រឹមតែជួយស្វែង រកថវិកាសម្រាប់ទ្រទ្រង់ ដល់មន្ទីរ ពេទ្យកុមារអង្គរតែម្យ៉ាងទេ តែព្រឹត្តិការណ៍នេះក៏បានជួយជំរុញ កំណើនភ្ញៀវទេសចរ ខេត្តសៀមរាបផងដែល។ មីជាតិ ក៏សូមអំពាវនាវដល់ វិស័យឯកជន សប្បុរសជនទាំងក្នុង និងក្រៅប្រទេស បន្តចូលរួមគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការបរិច្ចាគវិភាគទាន ដើម្បីចូលរួមបន្តនិរន្តរភាព នៃការសង្រ្គោះព្យាបាល ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារ អាណាព្យាបាលទាំងអស់ ប្រកបដោយស្នាមញញឹម និងភាតរភាព ៕ មីជាតិស្នាដៃខ្មែរ រសជាតិខ្មែរ ៕

To Top