ព័ត៌មានជាតិ

ក្រោយការប្រកាស របស់សម្ដេចនាយករដ្ឋមន្រ្តី ពលរដ្ឋបានបរិច្ចាគថវិកា ចូលមូលនិធិ អភិវឌ្ឍព្រំដែន ភ្លូកទឹកភ្លូកដី

ភ្នំពេញ៖ បន្ទាប់ពីមានការអំពាវនាវ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យប្រជាពលរដ្ឋ ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន មន្រ្តីរាជការ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈយ៉ាងច្រើនកុះករ បាននាំគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងយុទ្ធនាការ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន»ជាបន្តបន្ទាប់។

លោក ណុប នរិន្ទ សមាជិកគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រឹះស្ថាន ឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកជនបានចូលរួមមូលនិធិក សាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន ចំនួន ១.០០០ដុល្លារ ជាការបង្ហាញនូវទឹកចិត្ត និងសកម្មភាពមួយទៀត ដើម្បីជាតិមាតុភូមិ និងដើម្បីផលប្រយោជន៍រួម របស់ជាតិទាំងមូលផងដែរ ។
លោកបន្តថា ៖ «ខ្ញុំពិតជាសប្បាយរីករាយដែលបានចូលរួមចំណែកផ្ទាល់ ជាមួយរាជដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍន៍ជាតិក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឲ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាពជាដើម»។

លោក ហោ ស៊ុនឡេង ជាប្រជាពលរដ្ឋបានអនុវត្ត ដោយស្ម័គ្រចិត្តតបតាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែនសំដៅរួមគ្នា ក្នុងឆ្លងមហាសាមគ្គី ជាតិខ្មែរក្នុងការថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
លោកបន្តថា៖«ខ្ញុំ និងភរិយា សូមចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការបរិច្ចាគ ប្រាក់បៀវត្សផ្ទាល់ខ្លួនចូលរួម ក្នុងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីថែរក្សាសុខ សន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ តាមតំបន់ព្រំដែនឱ្យ កាន់តែរឹងមាំ និងប្រកបដោយចីរភាព» ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី ២២ខែសីហានេះ បានប្រកាសពីការផ្ដួចផ្ដើមគំនិត ក្នុងការបង្កើតនូវមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធនៅ តាមបណ្ដោយព្រំដែនកម្ពុជា ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមដោយផ្ទាល់ទាំងអស់គ្នា។
សម្ដេចធិបតីមានប្រសាសន៍ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដែលជាគំនិតផ្ដួចផ្ដើមដោយផ្ទាល់របស់សម្ដេចនៅពេលនេះ ធ្វើឡើងក្នុងគោលដៅពីរ ពោលដើម្បីកៀរគរថវិកាបន្ថែម និងដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំបានសម្រេចផ្ដួចផ្ដើមបង្កើត មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដែលមានគោលដៅពីរ ទី១៖ កៀរគរថវិកាបន្ថែម និងទី២៖ ផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ នៅតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើផ្លូវក្រវាត់ព្រំដែន ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីអំពាវនាវដល់បងប្អូនជន រួមជាតិទាំងអស់ ដើម្បីចូលរួមក្នុងបុព្វហេតុនេះ ដើម្បីរួមគ្នាកសាងផ្លូវក្រវាត់ព្រំដែន រួមគ្នាក្នុងការកសាងការពារ បូរណភាពទឹកដីរបស់យើង» ។

ជាមួយគ្នានេះ សម្ដេចធិបតីបានឲ្យដឹងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានកសាងផ្លូវតាមបណ្តោយព្រំដែន ជាមួយប្រទេសជិតខាងវៀតណាម ថៃ ឡាវ ក្នុងនោះ ព្រំដែនកម្ពុជា-វៀតណាមកសាងផ្លូវបាន ៦៨៦,៩៦គីឡូម៉ែត្រ លើផែនការសរុប ១០៦៦គីឡូម៉ែត្រ។

ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយប្រកាសលេខទូរសព្ទ និងបង្ហាញគណនីធនាគារចំនួន៦ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន ចូលរួមបរិច្ចាគដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។

សេចក្តីជូនដំណឹង បានបញ្ជាក់ថា សម្តេចធិបតីសម្រេចបង្កើត មូលនិធិនេះឡើង ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាង ហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕

To Top