ភ្នំពេញ ៖ អតីតសិស្សម្នាក់ ដែលបានបោះបង់ការសិក្សា នៅត្រឹមថ្នាក់វិទ្យាល័យ យុវជន ចាន់ សំរ៉ុង បាននិងកំពុងខិតខំប្រឹងប្រែង ស្រវ៉ាចាប់យកជំនាញ ខាងអគ្គិសនី ពីវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែន ខេត្តតាកែវ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនលទ្ធភាព ក្នុងការរកចំណូលបន្ថែម។
យុវជន ចាន់ សំរ៉ុង វ័យ ១៦ឆ្នាំ កំពុងសិក្សាជំនាញខាងអគ្គីសនី បាននិយាយទាំងទឹកមុខស្រងូតស្រងាត់ថា ដោយសារតែខ្លួនរៀននៅវិទ្យាល័យមិនសូវពូកែ ហើយមិនអាចចាប់យកជំនាញផ្សេងទៀតបាន ក៏សម្រេចចិត្តបោះបង់ ការសិក្សាទាំងស្ដាយស្រណោះត្រឹមថ្នាក់ ១០នៅខេត្តតាកែវ ។
ក្រោយពីបោះបង់ការសិក្សា សំរ៉ុង ហាក់ដូចជារស់នៅក្នុងភាពខ្វះជាតិអ្វីម្យ៉ាង ពោលគឺខ្វះការសិក្សា និងខ្វះជំនាញប្រចាំជីវិតរបស់គេ។ ក្រោយមានការលើកទឹកចិត្ត ពីមិត្តភក្ដិ និងឱពុកម្ដាយ សំរ៉ុង បានសម្រេចចិត្ត មកចុះឈ្មោះចូលរៀនជំនាញ ខាងអគ្ដិសនី នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនខេត្តតាកែវ ។
យុវជនរូបនេះបន្តថា ៖ «ប្រសិនបើខ្ញុំរៀនចប់បាក់ឌុប ក៏គ្រួសារខ្ញុំមិនមានលទ្ធភាព ឱ្យខ្ញុំរៀនបន្តនៅមហាវិទ្យាល័យដែរ ហើយវាបូករួមទាំង ប្រាជ្ញាស្មារតីរបស់ខ្ញុំមិនសូវចាប់បាននូវការសិក្សាជំនាញផ្សេងៗផង។ ខ្ញុំក៏បោះបង់ការសិក្សានៅវិទ្យាល័យតែម្ដង ប៉ុន្ដែខ្ញុំមករៀនជំនាញនៅទីនេះ គឺខ្ញុំក៏អាចមានឱកាសច្រើនក្នុងការរកប្រាក់ចំណូល ព្រោះត្រូវចំណាយសិក្សាខ្លីដែរ»។
សំរ៉ុង បានតស៊ូសិក្សារៀនសូត្រយ៉ាងខ្លាំង ដោយសារគិតក្នុងចិត្តថា នេះជាឱកាសចុងក្រោយ សម្រាប់ការសិក្សារបស់ខ្លួន ។ សំរ៉ុង ក៏មានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រទៀតដែរ ប៉ុន្ដែភ្លាមៗនោះនៅមិនទាន់ មានលទ្ធភាពគ្រប់គ្រាន់ទេ ។
យុវជនរូបនេះបន្តថា បើទោះបីជាខ្លួនមិនទាន់មានលទ្ធភាព បង្កើតក្រុមការងារជាងតម្លើងអគ្គិសនីជាលក្ខណៈធំដុំ ប៉ុន្ដែខ្លួនគេមានលទ្ធភាពធ្វើការងារសមរម្យ និងទទួលបានប្រាក់ចំណូលខ្ពស់ដែរ ។ សំរ៉ុង នៅតែមានមហិច្ឆតាចង់សិក្សាជំនាញខាងអគ្គិសនីឱ្យបានច្រើនជាងនេះ ព្រោះខ្លួននៅវ័យក្មេងនៅឡើយ។
សំរ៉ុង នៅតែមានក្ដីសង្ឃឹមជានិច្ច និង មិនបោះបង់ក្ដីស្រមៃ របស់ខ្លួនដូចបោះបង់ ការសិក្សានៅវិទ្យាល័យនោះទេ ហើយខ្លួននឹងបន្តខិតខំប្រឹងប្រែង ក្នុងការសិក្សាជំនាញ ដែលខ្លួនស្រលាញ់ពេញចិត្ត ដើម្បីធ្វើជាស្ពានចម្លងអនាគតខ្លួនផង ក្រុមគ្រួសារផង និងធ្វើជាយុវជនគំរូនៅក្នុងសង្គមជាតិ៕