ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អមដំណើរដោយ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមចុះពិនិត្យទីតាំង តម្រាយផ្លូវទឹក គម្រោងព្រែកជីកហ្វូណនតេជោតាមរយៈផ្លូវទឹក ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។

សូមជម្រាបថា ការចុះពិនិត្យទីតាំងនាពេលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ស៊ុន ចាន់ចុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្រោមការដឹកនាំ និងការពន្យល់បន្ថែមពីសំណាក់ លោកឧបនាយករដ្ឋមន្ត្រី អំពីស្ថានភាពភូមិសាស្ត្រ បានចេញដំណើរពីព្រែកតាហ៊ីង ទៅទីរួមស្រុកអង្គរបូរី ខេត្តតាកែវ តាមរយៈព្រែកតាហ៊ីង ព្រែកក្បាលខ្មោច និងស្ទឹងអង្គរបូរី និងស្ទឹងអូរកែវ រហូតដល់ព្រំប្រទល់ កម្ពុជា-វៀតណាម រួចត្រលប់មកទីរួមស្រុកអង្គរបូរី បន្តដំណើរទៅទីរួម ខេត្តតាកែវ តាមប្រឡាយ១៥ ដែលជាកំណាត់ ផ្លូវទឹកព្រែកជីកហ្វូណនតេជោ និងបានចុះពិនិត្យទីតាំងគ្រោង សាងសង់ទ្វារទឹកនាវាចរណ៍ ត្រង់ទំនប់អូរតុំ។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់រួចចូល តាមព្រែកតាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប បានសម្ពោធបើកការដ្ឋានសាងសង់កាលពីវេលាម៉ោង ៩៖០៩នាទី ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ដោយមានការចូលរួមគាំទ្រ និងអបអរសាទរយ៉ាងក្លៀវក្លា ពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សិស្សានុសិស្ស មន្ត្រីរាជការ អាជីវករ ព្រមទាំងព្រះសង្ឃនៅតាមវត្តអារាម ទូទាំងប្រទេសកម្ពុជា៕

















