ភ្នំពេញ ៖ នាថ្ងៃទី២៦ ខែសីហានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានរៀបចំកម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP ស្តីពី “ការរាយការណ៍ និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព (SRM)និងការដាក់បញ្ចូលនិរន្តរភាពទៅក្នុង DNAសាជីវកម្ម” ក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការនៃសមាគមស្ថាប័នហិរញ្ញប្បទានអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លោកស្រី Sandra Honrado ប្រធានក្រុមនៃវិទ្យាស្ថាន ADFIAP និងសមាជិក ព្រមទាំងលេខាធិការដ្ឋាន ADFIAP។

លោកបណ្ឌិតប្រតិភូ បានសម្តែងនូវសុទិដ្ឋិនិយមថា កម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP រយៈពេល ៤ថ្ងៃនេះ នឹងជំរុញថ្នាក់គ្រប់គ្រង និងមន្ត្រីជាន់ខ្ពស់ របស់ធនាគារ បង្កើនការយល់ដឹងអំពីរបាយការណ៍និរន្តរភាព និងការគ្រប់គ្រង ព្រមទាំងពង្រឹងសមត្ថភាព ស្របតាមចក្ខុវិស័យរបស់ធនាគារ។

ចំណែកគោលការណ៍ និងការអនុវត្ត ដែលបានពិភាក្សា ក្នុងអំឡុងពេល នៃការបណ្តុះបណ្តាល នឹងត្រូវបានអនុវត្តតាមរយៈការដាក់បញ្ចូល ទៅក្នុងដំណើរការសម្រេចចិត្ត និងកិច្ចការប្រចាំថ្ងៃ នៃនាយកដ្ឋាននីមួយៗផងដែរ។លើសពីនេះ ផែនការសកម្មភាព និងការផ្ទេរចំណេះដឹង ដែលទទួលបានពីការបណ្តុះបណ្តាលនេះ នឹងត្រូវផ្តល់ដល់បុគ្គលិកផ្សេងទៀត ដើម្បីរួមចំណែក ក្នុងការសម្រេចបាននូវគោលដៅរួម និងចក្ខុវិស័យរបស់ទាំងអស់គ្នា ។

លោកបណ្ឌិត បានចាត់ទុកថា កម្មវិធីបណ្តុះបណ្តាលឯកទេស ADFIAP នាពេលនេះ គឺជាសក្ខីភាពមួយ បង្ហាញពីទំនាក់ទំនងរវាង ARDB និង ADFIAP ហើយសូមអរគុណ ចំពោះការគាំទ្រ និងភាពជាអ្នកដឹកនាំដែលកំពុងបន្ត ក្នុងការលើកកម្ពស់ និរន្តរភាព ការអភិវឌ្ឍន៍នៅទូទាំងតំបន់ ជាពិសេសក្នុងយុគ សម័យមួយមាន ការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយពិភពលោក និងសហគមន៍ក៏កំពុងប្រឈម នឹងការព្រួយបារម្ភខាងបរិស្ថានជាខ្លាំង ។ សូមបញ្ជាក់ថា និរន្តរភាពគឺ មានគោលដៅដែលARDBបានប្តេជ្ញាចិត្ត ក្នុងផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំរបស់ខ្លួន(២០២៤-២០៣៣) ដែល ARDB បានប្តេជ្ញាថា នឹងជា “គ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពនាំមុខ ដែលបានផ្តោតលើការអភិវឌ្ឍ វិស័យកសិកម្មជនបទ និងវិស័យបៃតងនៅកម្ពុជា” ៕


