ភ្នំពេញ៖ អតីតកម្មការីនីរោងចក្រកញ្ញា ថេម លក្ខិណា ជាសិស្សវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ចង់បានជំនាញ ផ្ទាល់ខ្លួន និង ចាប់យកឱកាសបើកមុខរបររកស៊ីខ្លួនឯង ដើម្បីបង្កើនប្រាក់ចំណូល បន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ ជីវភាពគ្រួសារ ។
កញ្ញា ថេម លក្ខិណា បាននិយាយថា កត្តាដែលជំរុញទឹកចិត្ត ឱ្យនាងចុះឈ្មោះ ចូលសិក្សាជំនាញ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺនេះ ដោយគិតថា ខ្លួនបានចំណាយពេលវេលាជាច្រើនឆ្នាំធ្វើជាកម្មកររោងចក្រ ហើយជីវភាពរបស់នាង សមល្មម ប៉ុន្តែនាងចង់ផ្លាស់ប្តូរការងារដោយចង់ធ្វើការងារដោយប្រើប្រាស់សមត្ថភាពជំនាញវិញ។
កញ្ញាបានសម្រចចិត្តស្វែងរក ឱកាសសិក្សាជំនាញបន្ថែមពីកម្មវីធីបណ្ដុះបណ្ដាល TVET ហើយក៏បានចុះឈ្មោះសិក្សា យកជំនាញវិទ្យាកុំព្យូទ័រ និងក្រាហ្វិចឌីសាញ់ (Graphic Design) ។ ក្រោយពីសិក្សា បានរយៈពេល ៤ខែ កញ្ញាមានអារម្មណ៍ជឿជាក់លើខ្លួនឯងកាន់តែខ្លាំង និងអាចមានលទ្ធភាព ក្នុងការរកស៊ីផ្ទាល់ខ្លួន ។
នៅក្នុងអំឡុងពេលសិក្សា នៅសាលាបច្ចេកទេស កញ្ញាបានប្រឹងប្រែងសិក្សារៀន សូត្រជាមួយលោកគ្រូ អ្នកគ្រូដែលមានជំនាញ ច្បាស់លាស់ និងមានបទពិសោធន៍ជាច្រើនឆ្នាំទាក់ទងការបង្ហាត់បង្រៀន ជំនាញបច្ចេកទេសកុំព្យូទ័រ និងក្រាហ្វិចឌីសាញ់ ។
កញ្ញា លក្ខិណា បាននិយាយថា ៖«ពេលនេះ ខ្ញុំមានជំនាញ ដែលអាចប្រើប្រាស់បង្កើត មុខរបរផ្ទាល់ខ្លួនមួយសមរម្យ ហើយវាមិនមានការប្រើប្រាស់កម្លាំង ពលកម្មច្រើនដូចធ្វើការងាររោងចក្រទេ ។ ពោលគឺ ខ្ញុំអង្គុយធ្វើការងារ នៅខាងមុខកុំព្យូទ័រ ដោយប្រើប្រាស់ចំណេះជំនាញរបស់ ខ្ញុំដែលបានសិក្សាកន្លងមកនេះ»។
កញ្ញាបានលើកទឹកចិត្តឱ្យយុវជនផ្សេងទៀត គួរតែប្រឹងស្រវ៉ាចាប់យកឱកាសសិក្សារៀន សូត្រជំនាញ បច្ចេកទេសបន្ថែម ព្រោះខ្លួនជាយុវជនមានអនាគតវែងឆ្ងាយ ហើយគួរតែមានជំនាញបច្ចេកទេស ជាគោលដ៏សំខាន់មួយនៅក្នុងខ្លួន។ ជំនាញនេះ នឹងជួយកែប្រែឆាកជីវិតយុវជន ឱ្យមានការផ្លាស់ប្ដូរមួយរំពេចន៍៕