ភ្នំពេញ៖ នាយទាហាន នាយទាហានរង ពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩៩ បានចូលរួមបរិច្ចាគថវិកា និងប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជាយ៉ាងពេញទំហឹង ចំពោះការបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ។

តាមរយៈបទសម្ភាសន៍នាថ្ងៃទី២៧ សីហានេះ នាយទាហាន ពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩៩ បានចាត់ទុកថា ការបង្កើតនូវមូលនិធិនេះឡើងគឺជាបំផុសស្មារតីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិ ជាពិសេសគឺការពារដ៏រឹងមាំនូវខឿនការពារជាតិកម្ពុជាតាមរយៈធ្វើហេដ្ឋារចនាសម្ព័ន្ធនេះតែម្តង។

ជាមួយគ្នានោះនាយទាហាន នាយទាហានរង ពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩៩ ក៏ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបង្កើតនូវ«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយការបង្កើតនេះគឺជា ឱកាសមួយទៀតសម្រាប់ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរធ្វើដំណើរកម្សាន្ត និងប្រកបមុខរបររកស៊ីនៅតាមបណ្តោយព្រំដែនកម្ពុជាកាន់តែគគ្រឹកគគ្រេងបន្ថែមទៀតនោះ ហើយក្នុងនាមពួកគេជាពលរដ្ឋខ្មែរផងដែរ សូមអំពាវនាវដល់ជនរួមជាតិទាំងអស់ចូលរួមនូវមូលនិធិនេះឲ្យកាន់តែផុលផុសបន្ថែមទៀត ដើម្បីឲ្យក្លាយ ជាចលនាសាមគ្គីភាពមួយដើម្បីឧត្តមប្រយោជន៍ជាតិ។

នាយទាហាន នាយទាហានរង ពលទាហានកងពលតូចដឹកជញ្ជូនលេខ៩៩ ពិតជាមានមោទនភាព យ៉ាងខ្លាំងដែលបានចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាល ដែលបានបង្កើតមូលនិធិដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅតាមក្រវ៉ាត់ព្រំដែន ហើយពួកគេរំពឹងថាប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ទាំងអស់ចូលរួមនូវមូលនិធិនេះដើម្បីធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាម ក្រវ៉ាត់ព្រំដែនកម្ពុជាកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ។

ទន្ទឹមគ្នានោះដែរ នាយទាហាននាយទាហានរង ពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩៩ ក៏បានប្រកាសគាំទ្រ និងការពារឲ្យបានដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ដែលបានកើតឡើងដោយការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស និងប្តេជ្ញាទប់ស្កាត់ រាល់ការញុះញង់ និងការប៉ុនប៉ងរបស់ជនទាំងឡាយណា ដែលមានចេតនាចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់ និងបំផ្លាញនូវសុខសន្តិភាព និងការភិវឌ្ឍប្រទេស និងប្រជាជនដែលកំពុងកើតមានឡើងនាពេល សព្វថ្ងៃនេះផងដែរ ៕



